Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តប៉ៃលិន អំពាវនាវ ដល់ពលរដ្ឋរស់នៅតាមបណ្តោយ ដងស្ទឹងបរយ៉ាខា ប្រុងប្រយ័ត្ន ខណៈជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង

ប៉ៃលន ៖ អាជ្ញាធរខេត្តប៉ៃលិន បានអំពាវនាវដល់ពលរដ្ឋរស់នៅតាម បណ្តោយដងស្ទឹងបរយ៉ាខា  និងទីតាំងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង សូមមានការប្រុងប្រយ័ត្នខ្ពស់ ខណៈជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង នៅស្ទឹងបរយ៉ាខានិងលិចខ្លះនៅប៉ែកខាងលើ នៃខេត្តប៉ៃលិន ។

លោក ហុក សុផល អភិបាលរង ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជាបន្តបន្ទាប់បណ្តាលអោយទឹកស្ទឹងឡើងខ្លាំង បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងបរយ៉ាខា ត្រូវប្រុងប្រយ័ត្នចំពោះ ជំនន់ទឹកភ្លៀង ដែលអាចប៉ះពាល់ដល់លំនៅដ្ឋាននិងមនុស្ស ។

លោកបានបន្តថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លើបញ្ហាសុខភាពពលរដ្ឋ នៅថ្ងៃនេះលោកបានចុះពិនិត្យដោយផ្ទាល់ ហើយបានណែនាំដល់ក្រុមការងារ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ កុំចាំស្តាប់របាយការណ៍ ។

លោកបានបន្តថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួន និងបណ្តាលឱ្យខូចខាតផលដំណាំ សម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាព មិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។

បន្ថែមពីលើការអំពាវនាវខាងលើ លោកអភិបាលរងក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ ច្រើនថ្ងៃជាប់គ្នា ហើយបើមា បញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីចៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗ ។

សូមបញ្ជាក់ថា ឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាតំបន់ទំនាប ដែលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងចុះសួរសុខទុក្ខ និងពិនិត្យមើលផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ៕