Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង អំពាវនាវអោយបងប្អូនទាំងអស់ ពិសេសអ្នករស់នៅតាមដងស្ទឹងសង្កែ មេត្តាប្រុងប្រយ័ត្នខ្ពស់

បាត់ដំបង ៖ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗ នៅផ្នែកខាងលើក្នុងតំបន់ស្រុកសំឡូតព្រំដែនកម្ពុជា-ថៃ បានបង្កជាទឹកជំនន់ ទើបធ្វើអោយមន្ត្រីជំនាញ (បើកទ្វារទំនប់ទឹកអាងពហុបំណងសេកសក) នៅក្នុងស្រុករតនមណ្ឌល ដើម្បីបន្ធូរទម្លាក់ទឹកចុះមកផ្នែកខាងក្រោម ក្នុងស្ទឹងសង្កែ ។

ជាមួយជំនន់ទឹកភ្លៀងនេះដែរ យោងតាមផេកហ្វេសប៊ុករបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហោះកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ដែលមានខ្លឹមសារថា ដោយមានភ្លៀងធ្លាក់នៅផ្នែកខាងលើស្រុកសំឡូតរយៈពេលពីរថ្ងៃមកនេះធ្វើអោយទឹកអាងពហុបំណងសេកសកបានឡើងដល់កម្រិតអតិបរិមា ទ្វារទឹកនៅទំនប់សេកសក និងទំនប់សាលាតាអនត្រូវបានបើកអស់ ។

បន្ថែមពីនេះឯកឧត្តម ក៏បានអំពាវនាវសូមអោយបងប្អូនទាំងអស់ ពិសេសអ្នកដែលរស់នៅតាមដងស្ទឹងសង្កែមេត្តប្រុងប្រយ័ត្នខ្ពស់ ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ។

គួរបញ្ជាក់ថា ក្រៅពីជំនន់ស្ទឹងសង្កែ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ទីតាំងទំនប់ហុងបាសាក់ ដែលស្ថិតនៅក្នុងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ក៏បានបើកបង្ហូរទឹកដើម្បីបន្ធូរផងដែរ ដូច្នេះសូមបងប្អូនដែលរស់នៅផ្នែកខាងក្រោមនៃស្រុកមោងឬស្សី មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ ពិសេសក្មេងតូចៗ ៕

ដោយ ៖ សាលី