Connect with us

ព័ត៌មានជាតិ

ផ្លូវជិត ២ម៉ឺនម៉ែត្រ ផ្ទះជាង១ពាន់ខ្នង និងសាលារៀន ៤កន្លែង រងផលប៉ះពាល់ដោយជំនន់ស្ទឹងសង្កែ

បាត់ដំបង ៖ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចបានបង្ហាញថា គិតត្រឹមរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ជំនន់ទឹកស្ទឹងសង្កែ បានវាយប្រហារខ្លាំងទៅលើស្រុកចំនួន០៤ ធ្វើអោយប៉ះពាល់ផ្លូវកៅស៊ូនិងផ្លូវគ្រួសក្រហម ជិត ២ម៉ឺនម៉ែត្រ ផ្ទះប្រជាពលរដ្ឋជាង១ពាន់ខ្នង និងសាលារៀនជាច្រើនកន្លែងផងដែរ ។

ស្រុកដែលរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងសង្កែ ក្នុងនោះរួមមាន ៖ ស្រុកបាណន់ ប៉ះពាល់ផ្លូវសរុបចំនួន ៨០៨០ម៉ែត្រ និងផ្ទះ ៤១៥ខ្នង ។ ស្រុកឯកភ្នំ ប៉ះពាល់ផ្លូវសរុបចំនួន ១១៧៧០ម៉ែត្រ ក្នុងនោះផ្លូវកៅស៊ូ ២៥០០ម៉ែត្រ សាលារៀន០៤កន្លែង និងផ្ទះ ២៣២ខ្នង ។ ក្រុងបាត់ដំបង ប៉ះពាល់ ផ្ទះ ៧១២ខ្នង និងស្រុកសង្កែ ប៉ះពាល់ផ្លូវ សាលារៀន សាលាឃុំ និងផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ ។

ជាមួយនឹងគ្រោះជំនន់ទឹកស្ទឹងសង្កែនេះដែរ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត និងក្រុង រួមជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ បានយកចិត្តទុកដាក់ចុះជួយ និងពិនិត្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋភ្លាមៗផងដែរ ដើម្បីសរុបពីផលប៉ះពាល់ និងត្រៀមរៀបចំជំនួយសង្គ្រោះបឋមដើម្បីចែកជូនដល់ជនរងគ្រោះផងដែរ ៕
ដោយ ៖ សាលី