Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃចុះសំណេះសំណាលជាមួយកងកម្លាំងនគរបាលព្រំដែន ប្រចាំទិសភូមិភាគទី៤

ព្រះវិហារ ៖ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យសភាពការណ៍ស្វែងយល់ការលំបាក បញ្ហាប្រឈម និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។
ពិធីនេះក៍មានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំរួមការងារព្រំដែន និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន, ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន, ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក និងឯកឧត្តម ឧត្តមសេនីយ៍ វរសេនីយ៍ លោក-លោកស្រី និងភ្ញៀវកិត្តិយស នាយនគរបាល នាយនគរបាលរង ជាច្រើនរូបទៀត។
ឯកឧត្តម សំរិទ្ធ ឌី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់បងប្អូនកងកម្លាំងនគរបាល ដែលកំពុងឈរជើងយ៉ាងអង្គអាចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងទិសភូមិភាគទី ៤ និងជូនពរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សូមជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សំរិទ្ធ ឌី ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថវិកាចំនួន ៤១លានរៀល, គ្រឿងឧបភោគ-បរិភោគ មីចំនួន ៧៤កេសធំ, ត្រីខចំនួន ៤១កេសធំ និងភេជ្ជៈមាន៖ ទឹកក្រូចចំនួន ១០០កេស និងស្រាបៀចំនួន ១៧២កេស ឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ កំពុងឈរជើងនៅក្នុងទិសភូមិភាគទី ៤ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

ទន្ទឹមនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានឧបត្ថម្ភក្រុមគ្រូ និងយោធាចារ្យ នូវថវិកា ចំនួន ៥លានរៀល អង្ករ ១តោន ត្រីខ ១០កេសធំ និងមី១០កេសធំ។