Connect with us

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ៩ខែ និងទិសដៅត្រីមាស៤ ឆ្នាំ២០២៣!

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយនាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធាន​អង្គភាព​ចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបាន​ម៉ឹងម៉ាត់​នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា ​ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន ជាអត្ថិភាពទី១ដែល​ត្រូវអនុវត្តន៍ និង​ត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ​ដែលទទួលរងដោយគ្រោះមហន្តរាយ (ជំនន់ទឹកភ្លៀង) នារដូវវស្សា​ ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្ត្រធានីភ្នំពេញ ហើយប្រសិនបើមានសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ ​មានការពាក់ព័ន្ធជាមួយ​គ្រឿង​ញៀន នឹងត្រូវបានស្នើសុំបណ្តេញចេញពីក្របខណ្ឌដោយគ្មានលើកលែង ក្រៅពីនេះត្រូវត្រួត​ពិនិត្យ ទាំងមធ្យោបាយ សម្ភារ គ្រឿងបំពាក់ ​និង កម្លាំងប្រតិបត្តិការ ដើម្បីចូលរួមបង្កើនកិច្ចការពារ​សុវត្ថិភាព ​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ បង្កលក្ខណៈងាយស្រួលជូន​ដល់​ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលចូលរួមក្នុងឱកាស​ពិធីបុណ្យដាក់​បិណ្ឌនេះ ​ក៏ដូចជាបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខឲ្យដំណើរការទៅបានដោយរលូន៕