Connect with us

ព័ត៌មានជាតិ

សិក្ខាកាមជាអ្នកបើកទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និង ត្រីចក្រយានយន្តសរុប១២០នាក់ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក

(បាត់ដំបង) នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សុជីវធម៌ក្នុងការបើកបរ សិទ្ធិអាទិភាព និងសញ្ញាចរាចរណ៍ផ្លូវគោកលើកទី២ ជូនដល់សិក្ខាកាមដែលជាអ្នកបើកទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និង ត្រីចក្រយានយន្ត នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ។

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនាថ្ងៃនេះដែរ ឯកឧត្តម ព្រួញ រិទ្ធថា បានលើកឡើងថា នេះជាវគ្គទីពីរហើយដោយសិក្ខាកាមបានមកចូលរួមសរុបចំនួន ១២០នាក់ដើម្បីរៀនច្បាប់ស្តីពីចរាចរណ៍ជើងគោកដើម្បីអោយបានយល់ពីការបើកបរ សុជីវធម៌ ជាពិសេសអ្នកធ្វើដំណើរកាន់ដៃចង្កូតសូមអោយយល់ច្បាប់ទាំងអស់គ្នា ដោយមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

ឯកឧត្តមប្រធានបានបន្តថា វគ្គបណ្តុះបណ្តាលសំរាប់ម៉ូតូកង់បី pass appនេះដែរមិនសំដៅតែអ្នកនៅក្នុងខេត្តនោះទេ អ្នកនៅតាមបណ្តាស្រុកក៏អាចមករៀនបានដែរសម្រាប់វគ្គក្រោយៗបន្តទៀត ហើយក៏អរគុណផងដែរសម្រាប់បងប្អូនអ្នកបើកបរកង់បីដែលបានមកចូលរៀនដោយស្ម័គ្រចិត្តស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីអោយមានប្រសិទ្ធភាពក្នុងការបើកបរលើផ្លូវសាធារណៈទាំងអស់។