Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះនៅស្រុកភ្នំព្រឹក បានទទួលអំណោយពីអនុសាខាកាកបាទក្រហម

(បាត់ដំបង) នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ លោក សុង សុភ័ក្ដ្រ អភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកភ្នំព្រឹក ដោយមានការចូលរួមពីព្រះចៅអធិការវត្តគ្រួសក្រហម និងមេឃុំអូររំដួល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្លល់ជូនគ្រួសាររងគ្រោះដោយករណីអគ្គីភ័យឆេះផ្ទះ ដែលមានឈ្មោះ មេង សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសារជនរងគ្រោះ លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកភ្នំព្រឹក បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការពាំនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ ពិសេសត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង ដូច្នេះបងប្អូនត្រូវបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ព្រោះថាអំណោយរបស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាកដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ ។

ជាកិច្ចឆ្លើយតប គ្រួសាររងគ្រោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សុខ លូ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះថ្នាក់ផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយដែលអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំព្រឹក និងសប្បុរសជនដែលបានផ្តល់ជូនគ្រួសាររងគ្រោះនាពេលនេះរួមមាន! -អង្ករចំនួន៨៥គីឡូក្រាម -ទឹកស៊ីអ៊ីវ ២យួរ -ទឹកត្រី ១៥ដប -ទឹកក្រូច២ដប -ប៊ីចេង២កញ្ចប់ -ស្កសរ២កញ្ចប់ -មី១កេស -មុង១ -តង់១ -សម្ភារៈផ្ទះបាយ១ឈុត -និងថវិកាចំនួន ៥០០,០០០រៀលផងដែរ ។