Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ដែលបានបាត់ខ្លួនអស់រយៈពេលច្រើនថ្ងៃ

ប៉ៃលិន ៖ មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសវិកលចរិតម្នាក់ លង់ទឹកស្លាប់នៅលើដីចំការដំឡូងមី បង្កឱ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍ប្រជាពលរដ្ឋប្រទះឃើញសពនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង០០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅចំនុចមាត់អូរ ស្ថិតនៅក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ សពជនរងគ្រោះមានឈ្មោះ ខាន់ ខា ភេទប្រុស អាយុ៥៤ឆ្នាំ (ជាជនវិកលចរិត) រស់នៅភូមិដីសរ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយពីមានការបាត់ខ្លួនខណៈពេលដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ក្រុមគ្រួសារសពបានដាក់ពាក្យបណ្តឹង ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ ដោយមានការចូលរួមពីលោក មេឃុំស្ទឹងត្រង់ លោកមេភូមិដីសរ មេភូមិដីស្អិត និងបងប្អូនសាច់ញាតិព្រមទាំងអ្នកភូមិបានដើររកគ្រប់ទីកន្លែងទាំងអស់ តែមិនទទួលដំណឹងឡើយ។ ស្រាប់តែក្រោយមកមានប្រជាពលរដ្ឋក្នុងភូមិ ដើរទៅមើលចំការដំឡូងមីរបស់ខ្លួន ក៏ប្រទះឃើញសពត្រូវបានទឹកហូរអូសទៅតាមដើមដំឡូងមី។ បន្ទាប់មកក៏ទៅប្តឹងអាជ្ញាធរ សហការជាមួយនគរបាលចុះទៅដល់កន្លែងកើតតែម្តង។

បើតាមការបំភ្លឺពីក្រុមគ្រួសារនៃសពបានរៀបរាប់ថា ៖ ជនរងគ្រោះជាជនវិកលចរិត ដោយតែងតែដើរបាត់ពីផ្ទះដូចសព្វដង ដោយក្រោយមកត្រឡប់មកផ្ទះវិញ។ តែដោយសារបាត់ខ្លួនយូរជាងមិន ពោលគឺគាត់បានបាត់ខ្លួនតាំងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ទើបឃើញដេកស្លាប់នៅក្បែរមាត់អូរ ដោយសាកសពមានសភាពហើមរលួយ។

ក្រោយពីកម្លាំងជំនាញផ្នែកកោសលវិច្ច័យ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងកម្លាំងជំនាញការិយាល័យកោសល្យវិច្ច័យស្នងការដ្ឋាននិងក្រុមគ្រូពេទ្យពិនិត្យធ្វើកោសលវិច័្ចយរួចបានបញ្ជាក់ថា សពខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ហើយបានប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕