Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមខេត្តបាត់ដំបង ធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្តីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នៅកម្ពុជា

បាត់ដំបង ៖ ដោយមានការយកចិត្តទុកដាក់គិតគូពីសុវត្ថិភាពប្រជាពលរដ្ឋ និងដោយសង្កេតឃើញថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហាក់មាននិន្នាការកើនឡើង គួរឱ្យព្រួយបារម្ភ ស្របពេលថ្ងៃឈប់សម្រាកក្នុងឱកាសជាតិម្តងៗ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ចាត់តំណងាក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សហកាជាគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដែលមានមន្ទីរសាធារណៈការនិងដឹកជញ្ញូនខេត្ត ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានសហការរៀបចំយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នៅកម្ពុជា» ។

យុទ្ធនាការនេះដែរដោយមានការអញ្ជើញជាអធិបតីពីសំណាក់លោក ផេង សិទ្ធី   អភិបាលរងខេត្តនិងជាសមាជិកគណៈកម្មាធិការសាខា តំណាងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ញូនខេត្ត   ដោយមានការចូលរួមពីមន្រ្តីសាខា មន្រ្តីមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត មន្ត្រីប្រតិបត្តិ និងមន្ត្រីសុវត្ថិភាពចរាចរណ៍ មន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត យុវជន សរុបចំនួន ៣៥នាក់ នៅផ្លូវចំណុចភ្លើងស្តុបបាណន់ ស្ថិតក្នុងភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំ​ង   ។

ក្នុងឱកាសបើកយុទ្ធនាការខាងលើនេះ លោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខាបានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវប្រសាសន៍របស់ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការសុវត្ថិភាពចរាចណ៍ផ្លូវគោកខេត្ត មន្ត្រីសុវត្ថិភាពចរាចរណ៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ។

លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា ក្នុងឱកាសដែលប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវកាន់តែមមារញឹកនោះ, គ្រោះថ្នាក់ចរាចរណ៍នៅជាបញ្ហាគួអោយព្រួយបារម្ភចំពោះសោកនាដកម្មនេះ ហើយមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះគឺមកពីមនុស្សម្នាក់ៗដែលមិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុងពេលស្រវឹងជាដើម។

ក្រុមការងារបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ហើយដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូន គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនាក្នុង ក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង។

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងមានសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនឹង ចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខ ក្នុងឱកាសសងថ្ងៃឈប់សម្រាកការងារ ខាងមុខនេះ និងបន្តជារៀងរហូតទៅ ហើយក្នុងនេះផងដែរក៏មានសំណួរ-ចម្លើយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរម៉ូតូ ឆ្លើយសំណួរត្រូវ នឹងបានមួកសុវត្ថិភាព១ផងដែរ ៕
ដោយ ៖ សាលី