Connect with us

ព័ត៌មានជាតិ

នគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែត ក្រៅពីសម្រួលបែបបទរហ័សជូនពលរដ្ឋ និងពលករខ្មែរត្រឡប់មកពីប្រទេសថៃ បានផ្តល់ក្រម៉ាម្នាក់មួយ ទុកជាអនុស្សាវរីយ៍

បន្ទាយមានជ័យ ៖ ក្នុងឧកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅស្រុកកំណើតតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នគរបាលអន្តោប្រវេសន៍ប្រចាំច្រក បានទទួលស្វាគមន៍ពួកគាត់យ៉ាងរាក់ទាក់ នឹងសម្របសម្រួលបែបបទចូលរហ័សព្រមទាំងចែកក្រម៉ា ជូនដល់បងប្អូនពលករខ្មែរ ក្នុងម្នាក់(ក្រម៉ា១) ដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃ និងទុកជាវត្ថុអនុស្សាវរីយ៍ រវាងសមត្ថកិច្ចអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងពលករកម្ពុជា  ។

លោកវរសេនីយ៍ទោ សេម មករា អនុប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា ដោយអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដល់ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ធ្វើការសម្របសម្រួលបែបបទរហ័ស ជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅស្រុកកំណើត និងដោយបានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្ឆ្នាំ២០២៣នេះ បន្ថែមពីការសម្របសម្រួលបែបបទរហ័ស ជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ លោកនាយប៉ុស្តិ៍ បានចាត់លោកនាំយកក្រម៉ាចែកជូនដល់បងប្អូនពលករខ្មែរក្នុងម្នាក់(ក្រម៉ា១) ដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃ និងទុកជាវត្ថុអនុស្សាវរីយ៍ រវាងសមត្ថកិច្ចអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងពលករកម្ពុជា នារដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ។

លោកបានអោយដឹងទៀតថា ដូចអ្នកព័ត៌មានឃើញស្រាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលចូលមកដល់នៅថ្ងៃស្អែកនេះ មានពលករខ្មែរធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកកម្ពុជាជាហូរហែរបន្តបន្ទាប់គ្នា ក្នុងមួយថ្ងៃប្រហែលជា២ទៅ៣រយនាក់តែប៉ុណ្ណោះ ។ ហើយការត្រឡប់មកវិញនេះ មិនមែនមកតាមរយៈការចាប់បញ្ជូនពីសមត្ថកិច្ចថៃ ដូចកាលពីមុនកូវិដឡើយ គឺ ពួកគាត់មកដោយខ្លួនឯង ដោយស្របច្បាប់តាមរយៈលិខិតឆ្លងដែននិងប័ណ្ណព្រំដែន ។

ការដែលពលករត្រឡប់មកដោយខ្លួនឯង មិនមានការចាប់បញ្ជូនពីសំណាក់សមត្ថកិច្ចថៃ ជាការសបញ្ជក់អោយឃើញច្បាស់ ពីការយល់ដឹងរបស់បងប្អូនពលរដ្ឋខ្មែរ លើការឆ្លងដែនដោយស្រប់ច្បាប់ តាមរយៈការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា និងការសម្របសម្រួលផ្សព្វផ្សាយ ពីអាជ្ញាធរក៏ដូចជាសមត្ថកិច្ចអន្តោប្រវេសន៍ប្រចាំច្រកទ្វារកម្ពុជា ៕