Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធព្រះរាជពិធីបុណ្យថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ(ព្រះបរមរតនកោដ្ឋ)

(បាត់ដំបង)! នាព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញថ្វាយកូរោនផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅបរិវេណវត្តពោធិមង្គលារាម វត្តពោធិ៍វាល ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។

ទិវាដ៏សែនអាឡោះអាល័យនេះ គឺថ្ងៃគម្រប់ខួប១១ឆ្នាំ នៃការសោយទីវង្គតរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលប្រជានុរាស្ត្រជាកូន ចៅ ចៅទួត របស់ព្រះអង្គមិនអាចបំភ្លេចបានឡើយ ក្នុងការលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុជាតិ មាតុភូមិ បូរណភាពទឹកដី ឯករាជ្យជាតិ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយស្នាព្រះហស្តធំៗដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរនៅតែចងចាំជាប់មិនបំភ្លេចបាននោះ គឺការយាងបំពេញ រាជបូជនីយកិច្ចយ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមឯករាជ្យ សិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីអាណានិគមបារាំង រហូតទទួលបានជោគជ័យ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។

គួររំលឹកថា ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះអង្គ បានសោយទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា៕