Connect with us

ព័ត៌មានជាតិ

ខេត្តប៉ៃលិន រយៈពេលបីថ្ងៃបុណ្យភ្ជុំបិណ្ឌ ទទួលបានភ្ញៀវទេសចរណ៍ ជាង៧មុឺនាក់

ប៉ៃលិន ៖ ក្នុងរយៈពេលបីថ្ងៃបុណ្យភ្ជុំបិណ្ឌ ខេត្តប៉ៃលិនមានភ្ញៀវទេសចរជាតិ អន្តរជាតិបាន ដើរលេងកម្សាន្តក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិន សរុបមានចំនួន៧២១៣០ នាក់កើនជាងឆ្នាំមុនបន្តិច។

បើតាមរបាយការណ៍ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន ដែលក្រុមការងារទទួលបានកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទស្សនាកម្សាន្តទូទាំងខេត្ត រយះពេល៣ថ្ងៃគឺនៅថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះភាគច្រើនគឺស្ថានភាពភ្ញៀវទេសចរណ៍ចូលលេងកម្សាន្តក្នុងខេត្តប៉ៃលិន  សម្រាប់រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តប៉ៃលិនដែលភ្ញៀវទៅកំសាន្តលេងមាន ទាំង០៧ កន្លែងក្នុងនោះមាន០៤កន្លែងសំបូរភ្ញៀវច្រើន រួមមាន ៖ ១-រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវភ្ញៀវទេសចរណ៍ច្រើនជាងគេ ទី២-រមណីយដ្ឋានចំការខ្នុរ ៣-រមណីយដ្ឋានចំការសាវម៉ និងទី៤នៅតាមដងស្ទឹងប៉ៃលិន(ហៅស្ទឹងតារាប)។

សម្រាប់រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តប៉ៃលិន ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន ៧២,១៣០ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៦៩,១៧៨ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ២៩៥២ នាក់។ បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា នៃពិធីបុណ្យភ្ជុំឆ្នាំ២០២២ ភ្ញៀវទេសចរមានការកើនឡើងជាង២ម៉ឺននាក់ ដោយទេសចរឆ្នាំមុន មានចំនួន ៤៩,៧៤៨ នាក់)។

លោក ឡាំ សំរិទ្ធ ស្នងការរងទទួលផែនការសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យអ្នកព័ត៌មានដឹងថា ដោយអនុវត្តតាមផែនការការពារបុណ្យភ្ជុំពីសំណាក់លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ត កម្លាំងនគរបាលក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះត្រួតពិនិត្យនៅតាមគោលដៅនីមួយៗ មានដូចជាតាមរមណីយដ្ឋានធម្មជាតិ និងកែច្នៃ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋប្រកបដោយសុវត្ថភាព ៕