Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបងកំពុងពន្លឿនការងារសាងសង់សួនមាត់ស្ទឹងសង្កែត្រើយខាងលិច ឱ្យបានរួចរាល់មុនពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនាពេលខាងមុខនេះ

(បាត់ដំបង)! រដ្ឋបាលខេត្តបាត់ដំបងដែលមានឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាននិងកំពុងពន្លឿនការងារសាងសង់សួនមាត់ស្ទឹងសង្កែត្រើយខាងលិច ស្ថិតនៅទីតាំងចន្លោះស្ពានសម្តេចតេជោ និងស្ពានសម្តេចក្រឡាហោម ក្រុងបាត់ដំបង ដើម្បីឱ្យបានរួចរាល់មុនពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង នាពេលខាងមុខនេះ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលជម្រាបជូនដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿងរបស់យើង ជាពិសេសទំនៀមទំលាប់របស់ខេត្តបាត់ដំបង ក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ រដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈ ពេល០២ថ្ងៃនាថ្ងៃសៅរ៍-អាទិត្យ ១៤-១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

ជាមួយពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងនេះដែរ ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំដោយមានការប្រណាំងទូក(ង)ខ្នាតប្រពៃណីជាតិ , ទូកខ្នាតអន្តរជាតិ , ទូកមង , ទូកផ្កាចារ និងនៅពេលរាត្រីគឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តបាត់ដំបង ជ្រាបជាព័ត៌មាន និងសូមអញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សាឱ្យមានភាពឱឡារិកអធិកអធមច្រើនកុះករ។