Connect with us

ព័ត៌មានជាតិ

ស្រ្តីមេម៉ាយកូនច្រើន មានជីវភាពក្រីក្រ ទទួលបានផ្ទះថ្មី ១ខ្នងជាអំណោយរបស់សាខាកាកបាទក្រហម

(បាត់ដំបង) នាព្រឹកថ្ងៃទី១៨ ខែតុលា  ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានអញ្ចើញប្រគល់ផ្ទះមួយខ្នងជូនលោកស្រី អ៊ុន ឈឿន អាយុ៥៨ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាស្រ្តីមេម៉ាយមានកូនច្រើនក្នុងបន្ទុក និងមានជីវភាពក្រីក្រខ្លាំង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់និងមើលឃើញពីកាលំបាកខ្វះខាតទីជម្រកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ ជាក់ស្តែងនៅថ្ងៃនេះសម្តេចបានចាត់ឱ្យក្រុមការងារនាំយកនូវគ្រឿងឧបភោគ-បរិភោគ ដើម្បីជួយសម្រាលនូវជីវភាពក៏ដូចជាការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះហើយបញ្ជាក់ឱ្យឃើញពីវប្បធម៌ចែករំលែកដែលថ្នាក់ដឹកនាំលោកតែងតែគិតគូរ និងធ្វើជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានបានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានចូលរួមត្រេកអរចំពោះគ្រួសារលោកស្រី អ៊ុន ឈឿន ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោនតទៅ ដើម្បីបានជាជម្រកបានជាម្លប់ដ៏កក់ក្តៅតរៀងទៅ ហើយឯកឧត្តម ក៏បានក្រើនរម្លឹកដល់លោកស្រីនិងអ៊ំពូមីង បងប្អូនទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ។

ឯកឧត្តមបន្តថា អ្វីជាសំខាន់នោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោពេញទៅដោយទឹកនៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បជៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយចំពោះក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យបរិស្ថាននៅជុំវិញលំនៅដ្ឋាន និងបំបាត់ទីជម្រកមូសខ្លាដែលជាភ្នាក់ងារជំងឺគ្រុនឈាមមកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។

សូមបញ្ជាក់ថា ផ្ទះ០១ខ្នងខាងលេីនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤.៤០ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះ តយ៉ាបខាងមុខ២.៥ម៉ត្រផងដែរ។

ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ -អង្ករ ១០០គីឡូក្រាម, -មី ៥កេស, -ទឹកត្រី ៥យួរ -ទឹកស៉ីអ៉ីវ ៥យួរ -ត្រីខ ៥០កំប៉ុង, -ឈុតគ្រឿងចានឆ្នាំង និងថវិកាមួយចំនួន ដោយឡែកលោកយាយលោកតាចាស់ៗ និងប្រជាពលរដ្ឋក្រីក្រដែលរស់នៅជិតខាងចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបាន -អង្ករ ២៥គីឡូក្រាម -មី ១កេស -ត្រីខ ១យួរ -ទឹកស៉ីអ៉ីវ១យួរ -ទឹកបរិសុទ្ធ ១កេស និងថវិកា មួយចំនួនផងដែរ ។