Connect with us

ព័ត៌មានជាតិ

លោកស្រី ទួន ចន្ទ្រា បំភ្លឺជូនសាធារណៈជនថា​ អាជ្ញាធរស្រុកគូលែន រាយការណ៍ជូនអភិបាលខេត្តព្រះវិហារ ខុសពីការពិតពាក់ព័ន្ធដីធ្លីឃុំស្រយង់

ព្រះវិហារ៖ លិខិតបំភ្លឺរបស់លោកស្រី ទួន ចន្ទ្រា ជម្រាបសាធារណៈជនថា ពាក់ព័ន្ធនិងឈ្មោះ ប៉ែន ជឹង ត្រូវជាអភិបាលស្រុកគូលែន បានរាយណ៍ការណ៍ខុសការពិតជូនឯកឧត្តម អភិបាលខេត្ដព្រះវិហារ ធ្វើឱ្យមានការភាន់ច្រលំលើរូបលោកស្រីដែលជាជនស្លូតត្រង់។

លោកស្រី ទួន ចន្ទ្រា បានបំភ្លឺថា លោកស្រីមានដីស្ថិតនៅភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ព្រះវិហារ ដែលមានទទឹង១០០ម៉ែត្រ និងបណ្ដោយ៤០០ម៉ែត្រ មានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ដែលទទួលស្គាល់ពីអាជ្ញាធរភូមិឃុំផងដែរ។

លោកស្រី បានបន្ថែមទៀតថា នៅក្នុងអំឡុងឆ្នាំ ២០១៣ លោកស្រី ជួបគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែមានឈ្មោះ អ៊ួ គួន និងកូនឈ្មោះ អ៊ុក ស្រីអូន ទៅរស់នៅលើដីរបស់លោកស្រី ប៉ុន្ដែត្រូវបានអាជ្ញាធរភូមិប្រាប់ឱ្យចាកចេញប៉ុន្ដែពួកគេមិនព្រមចាកចេញ ​បន្ទាប់មកមេឃុំស្រយង់ បានទៅប្រាប់បន្ថែមទៀត នៅតែមិនព្រមចាកចេញ និងលើកទី៣ បានឱ្យពួកគេធ្វើកិច្ចសន្យាចាកចេញពីដីរបស់លោកស្រីផងដែរ។ ក្រោមមក​ក្នុងឆ្នាំ ​២០១៧ ឈ្មោះ អ៊ួ គួន និងកូនឈ្មោះ អ៊ុក ស្រីអូន បានធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លីលេខ៧៥ ចុះថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ និងពាក្យស្នើសុំកាន់កាប់ដីធ្លីលេខ១៨២ ចុះថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៧ ដែលជាឯកសារ​ក្លែងក្លាយយកទៅប្រើប្រាស់ដើម្បីអះអាង ​និងខ្ចីប្រាប់ពីធនាគារ។ នៅ​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ​២០២៣ លោកមេឃុំគូលែនត្បូង សុន កុសល្យ និងមេភូមិគូលែនត្បូង យឹម យ៉េង បានចូលបំភ្លឺដោយបដិសេធចោលពាក្យស្នើសុំកាន់កាប់ដីធ្លីលេខ៧៥ ចុះថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ និងពាក្យស្នើសុំកាន់កាប់ដីធ្លីលេខ១៨២ ចុះថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៧ ចោលវិញទាំង​ស្រុង​ដោយពិនិត្យឃើញថា ​លិខិតដីធ្លីមានភាពខុសប្រក្រតី។ បន្ទាប់​ឈ្មោះ អ៊ួ គួន ​និងកូនឈ្មោះ អ៊ុក ស្រីអូន បាននាំគ្នាចាកចេញពីដីខាងលើនេះ ​ដោយបានបន្សល់ទុកនៅសំណង់​ផ្ទះ​អាណាធិបតេយ្យ​ចំនួន២ខ្នង ​ផ្ទះធំ១ខ្នង និងខ្ទម១ខ្ន ។ លុះនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកស្រី ទួន ចន្ទ្រា បាននាំគ្នាធ្វើការរុះរើផ្ទះដែលឈ្មោះ អ៊ួ គួន នោះចេញក្នុងគោលបំណងអភិវឌ្ឍន៍ធ្វើដីចំការ ប៉ុន្ដែរុះរើបានតែផ្ទះឈ្មោះ អ៊ួ គួន បានមួយចំនួនតែប៉ុណ្ណោះ ក្នុងគោលបំណងយកឈើផ្ទះនោះ​ រក្សាទុកឱ្យម្ចាស់គេមកយកគឺឱ្យគេវិញ ។

លោកស្រី ទួន ចន្ទ្រា បានបន្ថែមទៀតថា ពេលគ្នីគ្នាលោកស្រីកំពុងរុះរើស្រាប់តែឈ្មោះ ប៉ែន ជឹង មកសុំលុយពីលោកស្រី ដើម្បីបិទរឿង តែលោកស្រីជាស្ដ្រីមេម៉ាយមិនមានលទ្ធភាព​ជូនតាមបំណងនៃការទាមទាររបស់លោក ប៉ែន ជឹង ដែលធ្វើឱ្យលោក ប៉ែន ជឹង មិនសុខចិត្ដ ក៏បាន​ធ្វើរបាយការណ៍ជូនទៅអភិខេត្តព្រះវិហារ ​ជាបន្ដបន្ទាប់​ដែលការរាយការណ៍នោះ គឺខុស ពីការពិតទាំងស្រុង ។

បើយោងតាមរបាយការណ៍របស់លោក អភិបាលស្រុកគូលែន ប៉ែន ជឹង ជម្រាបជូនអភិបាល​ខេត្តព្រះវិហារថា បានចុះពិនិត្យទីតាំងកន្លែងកើតហេតុ ករណីរុះរើដុតបំផ្លាញផ្ទះ និងឈូសឆាយ​ផលដំណាំប្រជាពលរដ្ឋ ​ចំនួន​៦ខ្នងផ្ទះ រុះរើដោយឈ្មោះ ទួន ចន្ទ្រា រស់នៅខេត្តសៀមរាប ជាអ្នកបញ្ជាឱ្យរុះរើផ្ទះប្រជាពលរដ្ឋ​ ចំពោះផ្ទះរបស់ឈ្មោះ សូ តឿន រុះរើរួចហើយ​ឆេះដោយពុំដឹងមូលហេតុ។ ទាក់ទិនហ្នឹងរបស់លោក អភិបាលស្រុកគូលែន ប៉ែន ជឹង ធ្វើជម្រាបជូនទៅឯកឧត្តម អភិបាលខេត្រព្រះវិហារ ។ លោកស្រី ទួន ចន្ទ្រា បដិសេធច្រានចោលមិនមែនជាការពិតនោះទេ ទាំងដែលការពិតផ្ទះមានតែ២ខ្នង(ផ្ទះធំ១) ​និងខ្ទម១ប៉ុណ្ណោះ ហើយលោកស្រី ទួន ចន្ទ្រា មិនបាន​ឈូស​ឆាយ ឫដុតនោះទេ គឺរើដោយដៃទាំងអស់ ។ លោកស្រី ទួន ចន្ទ្រា បានអះអាងទៀតថា នៅថ្ងៃទី​១៦ ខែតុលា​ ឆ្នាំ​​២០២៣លោកស្រី រុះរើសំណង់​អាណាធិបតេយ្យដែលគេទុកចោលនោះ គឺគ្មានប្រជាពលរដ្ឋណាម្នាក់មកហាមឃាត់នោះទេ ​ព្រោះគេ​ដឹងថា ជាដីរបស់លោកស្រី ។

ពាក់ព័ន្ធបញ្ហានេះ ​អង្គភាពខ្មែរពិតយើង មិនអាច​សុំការ​បំភ្លឺពីភាគីពាក់ព័ន្ធ បាននៅឡើយទេ ។​យើងនិងរងចាំការបំភ្លឺរាល់ពេលបំពេញការងារ៕ ​

សូមអានលិខិតបំភ្លឺរបស់លោកស្រី ទួន ចន្ទ្រា ជម្រាបសាធារណៈជន ដែលមានខ្លឹមសារដូចខាងក្រោម៖

របាយការណ៍របស់លោកអភិបាលស្រុកគូលែន ប៉ែន ជឹង ជម្រាបជូនអភិបាល​ខេត្តព្រះវិហារ ដូចខាងក្រោម៖