Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងជីវៈភាពខ្វះខាត ២៤២គ្រួសារ ទទួលអំណោយកាកបាទក្រហមកម្ពុជា

បន្ទាយមានជ័យ ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមានជីវៈភាពខ្វះខាត ចំនួន ២៤២គ្រួសារ ដែលមានទំលំនៅក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ។

ការនាំអំណោយនេះប្រព្រឹត្តទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ទាំងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ។

ក្នុងដំណើរនេះឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។

ឯកឧត្តម មានប្រសាសន៍បន្តថា រាល់អំណោយមនុស្សធម៌ ដែលបានយកមកផ្ដល់ជូនបងប្អូននាថ្ងៃនេះ គឺជាការជួយរំលែកផ្នែកជីវភាពរបស់បងប្អូនខ្វះខាត និងរងផលប៉ះពាល់ដោយទឹកជំនន់ ។ ឯកឧត្តម បានបញ្ជាក់ផងដែរថា ពេលមានទឹកជំនន់ម្ដងៗ ច្រើនមានក្មេងៗលង់ទឹកស្លាប់ជាហូរហែរ ប៉ុន្តែមិនមែនស្លាប់ដោយសារទឹកជំនន់ហូរកួចលិចលង់នោះទេ គឺស្លាប់ដោយសារក្មេងៗ សប្បាយនឹងលេងទឹក ថែមទាំងខ្លួនមិនចេះហែលទឹក ដូចនេះសូមបងប្អូនអាណាព្យាបាលទាំងអស់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមបងប្អូនពុកម៉ែ រក្សាសុខភាពអនាម័យបរិស្ថាន ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិស ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ព្រោះថា មនុស្សយើងឡើងលើគោក សត្វអាសិរពិស ក៏វាឡើងលើគោកដែរ ។

សូមបញ្ជាក់ថា ពលរដ្ឋដែលទទួលអំណោយទាំង ២៤២គ្រួសារខាងលើ មកពីឃុំត់ត្រង់ ស្រុកមង្គលបូរីចំនួន១០១គ្រួសារ, សង្កាត់អូរអំបិល ចំនួន៥០គ្រួសារ និងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ចំនួន៩១គ្រួសារ ។ ក្នុងនោះ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ១៥គីឡូក្រាម  មីជាតិ ចំនួន១កេស, ទឹកត្រី១យួរ និងត្រីខ១យួរ ៕