Connect with us

ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យមនុស្ស ០៤នាក់រងរបួសធ្ងន់ស្រាល

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូបណ្តោងរម៉ក មួយករណីបានកើតឡើង បណ្តាលឲ្យមនុស្ស ០៤នាក់ រងរបួសធ្ងន់កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ មានម៉ូតូសណ្តោងរម៉ក ១គ្រឿង បើកបរដោយឈ្មោះ សារុន ភេទប្រុស អាយុ៥៧ឆ្នាំ និងប្រពន្ធរួមដំណើរម្នាក់ មានទីលំនៅភូមិបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីលិចទៅកើត លុះចំណុចកើតហេតុ បានបត់ឆ្វេងចូលផ្លូលទៅឃុំបុស្បូវ ស្រាប់តែមានម៉ូតូ ១គ្រឿងទៀត ម៉ាកយ៉ាម៉ាហា ធុនធំ ពណ៌ខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1T-5505 បើកបរដោយ យុវជនម្នាក់ឈ្មោះ ឆាត នៃ អាយុ២២ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប និងអ្នករួមដំណើរម្នាក់ ក្នុងទិសដៅច្រាស់គ្នា បានបុកពេញទំហឹង បណ្តាលឲ្យម៉ូតូសណ្ដោងរម៉ក ដាច់ចេញពីគ្នា ហើយម៉ូតូធំខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យ មនុស្ស ០៤នាក់ រងរបួសធ្ងន់ស្រាល ។

សូមបញ្ជាក់ថា ទីតាំងគ្រោះថ្នាក់ចរាចរខាងលើ ជាទីតាំងដែលតែងកើតមានគ្រោះថ្នាក់ចរាចរតូច-ធំជាច្រើនករណី បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើនផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំអ្នករបួសទៅព្យាបាលនៅមន្ទីរពេទ្យ ព្រមទាំងនាំយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅស្នងការដ្ឋាន ដើម្បីដោះស្រាយនៅពេលក្រោយ ៕