Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំពិធី អបអរសាទរទិវាពិភពលោកស្អាត និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣

ត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរទេសចរណ៍ខេត្ត រៀបចំអបអសាទរទិវាពិភពលោកស្អាត “World Cleanup Day” និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”(Tourism and Green Investment) ។

ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណអាងសោភ័ណ ទល់មុខមន្ទីរគណបក្សខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានអានសារលិខិតទាំងស្រុង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» ជូនដល់អង្គពិធីទាំងមូលជ្រាប ដើម្បីយកទៅអនុវត្ត ក្នុងទិសដៅលើកកម្ពស់វិស័យទេសចរណ៍ ក្នុងខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍកាន់តែទទួលបានការចាប់អារម្មណ៍បន្ថែមទៀត ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។

ឯកឧត្តម បានគូសបញ្ជាក់ ពីការយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្របតាមគោលនយោបាយជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដោយមានមន្ទីរទេសចរណ៍ខេត្តជាស្ថាប័នជំនាញ ដើម្បីអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដែលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដ៏ចម្បង ប្តេជ្ញាធ្វើការរួមគ្នាអនុវត្តនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តរួម ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក្នុងការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

បើតាមការបញ្ជាក់ពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ពិធីនេះធ្វើឡើងក្នុងគោលបំណង ចូលរួមសម្អាតបរិស្ថាន និងធ្វើការផ្សព្វផ្សាយជូនសាធារណៈជនឲ្យបានជ្រាបអំពីការទុកដាក់សំរាម ដោយមានការទទួលខុសត្រូវ និងលើកកម្ពស់អនាម័យបរិស្ថានស្អាតល្អស្រស់បំព្រង សោភ័ណភាពល្អគួរឲ្យទាក់ទាញ ៕