Connect with us

ព័ត៌មានជាតិ

រណ្តៅរ៉ែមាសអាណាធិបតេយ្យនៅឃុំរមទម ស្រុករវៀង មានជម្រៅចាប់ពី៥០ទៅ៦០ម៉ែត្រ ឆក់យកជីវិតមនុស្សម្នាក់ទៀតហើយ

ព្រះវិហារ៖ កន្លងមក និងបច្ចុប្បន្នសកម្មភាពជីកកកាយរុករក និងបូមយករ៉ែមាស​កើតមាន​ពេញ​បន្ទុកក្នុងស្រុករវៀង ​និងឈ្មួញជាច្រើននាក់​ជីកកកាយរុករក ​ធ្វើអាជីវកម្មរ៉ែមាស​រាប់រយ​រណ្ដៅ ដោយ​ខ្លះប្រើប្រាស់សាធាតុគីមី​ ដោយខុសច្បាប់​ ស្ថិតក្នុងតំបន់ភ្នំលុង ​ភូមិរំដេង ឃុំរមទម​ ស្រុករវៀង ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មានបុរសម្នាក់ បានពុលស្លាប់ ខណៈពេល​ចុះទៅក្នុងរណ្តៅរុករករ៉ែមាស ដែលមានជម្រៅចាប់ពី៥០ទៅ៦០ម៉ែត្រចុះក្រោម កើតឡើង​នៅ​ភូមិរំដេង ឃុំរមទម​ ស្រុករវៀងខេត្តព្រះវិហារ។

បើតាមសាក្សី​មួយម្នាក់​ដែល​មាន​ឈ្មោះ យន់ ដារ៉ា ​ហៅចិន ​បាននិយាយរៀបរាប់ថា នៅវេលា​ទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឈ្មោះ ចេន ភក្ដី ហៅភ័ក្រ ​ដែលមានអាយុ៣៦ ឆ្នាំ បាន​បបួលខ្លួន​ចុះទៅរករ៉ែមាស​ក្នុង​រណ្តៅ​មួយដែល​ឪពុកទៅពុកខ្លួនទុកចោលជាយូរមកហើយ ​នៅ​ពេលឈ្មោះ ភ័ក្រ ជាអ្នកចុះហើយខ្លួន​ជាអ្នកនៅលើគោកក្បែរមាត់រណ្ដៅ ​ពេលចុះ​ទៅ​បាន​មួយសន្ទុះជាមួយ​ និងសម្ភារៈមួយចំនួនភ្ជាប់​ទៅ​នឹងខ្លួន ​ដើម្បីស្វែងរករ៉ែមាសក៏ឮសំឡេងស្រែក ពី​ក្នុងរណ្ដៅ​អោយអ្នក​នៅខាងលើ​ជួយផងគាត់​ពុលហើយ ។ ភ្លាមនោះ អ្នកនៅខាងលើក៏បាន​ចុះទៅជួយ ប៉ុន្តែអ្នក​ដែលចុះទៅ​មុន​បាន​របូត​ដៃធ្លាក់​ចុះទៅ​ខាងក្រោម​បាត់ភ្លាមៗ រូបលោកក៏បាន​ទូរស័ព្ទប្រាប់​បងប្អូន​ក្នុងភូមិ ដើម្បីមកជួយ​សង្គ្រោះ ប៉ុន្តែការជួយសង្គ្រោះអ្នកដែលធ្លាក់ចុះទៅ​ក្នុង​រណ្ដៅរ៉ែមាសមិនអាចជួយបានទេ ព្រោះមានទឹកជ្រៅ។ ​សាក្សីដដែល ​បានបន្ដទៀតថា អស់រយៈពេលជាច្រើនម៉ោង ​ដោយប្រើប្រាស់ម៉ូទ័របូមទឹកចេញពី​រណ្ដៅរ៉ែមាសឱ្យរីងអស់ទឹក ទើបបងប្អូនប្រជាពលរដ្ឋនាំគ្នាចុះទៅរកសពឃើញហើយក៏នាំគ្នាយល់សពមកខាង លើ​ដើម្បីឲ្យមន្ត្រីជំនាញ​ធ្វើ​កោសលវិច័យ​ផងដែរ ។

ក្រោយពីបានទទួលព័ត៌មាន កម្លាំង​ជំនាញ​ចុះពិនិត្យ ​សហការជាមួយព្រហ្មទណ្ឌ បាន​ចុះទៅដល់កន្លែងកើតហេតុ ​ដោយ​មានការ​សហការពីអាជ្ញាធរ ​ភូមិ ឃុំ​ និងមន្រ្តី​មណ្ឌល​សុខភាពភ្នំដែក ​ក្រោមការដឹកនាំ​របស់​អភិបាលស្រុករវៀង​ និងសម្របសម្រួល​ដោយ​លោកព្រះរាជអាជ្ញារង ​គឹម សំលេង ផងដែរ។

តាមសន្និដ្ឋានរបស់ពេទ្យ និងជំនាញ បានបញ្ជាក់ថា សាកសពឈ្មោះ ចែន ភក្តី ​ហៅ ភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ឃុំកើត​ហេតុខាងលើ ​បាន​ស្លាប់ដោយ​សារការ​ធ្វេសប្រហែស​ធ្លាក់ក្នុងរណ្តៅរ៉ែមាស​បណ្តាយឲ្យស្លាប់ខ្លួនឯង។ សូមបញ្ជក់ថា នាពេលបច្ចុប្បន្ន ការធ្វើអាជីវកម្មរុករករ៉ែមាស ពីសំណាក់ក្រុមហ៊ុន ឬឈ្មួយតូចធំ និងពលរដ្ឋមានច្បាប់ និងអត់ច្បាប់ បានកើតឡើង​ព្រោងព្រាត​នៅតាមតំបន់មួយចំនួន នៃខេត្តព្រះវិហារ ​ហើយការរុករករ៉ែនេះ តែងបង្កជាបញ្ហា និងគ្រោះថ្នាក់មានស្លាប់ និង​របួសនៅពេលរុករករ៉ែ ៕


ដោយ ៖ រ៉ាស៊ី