Connect with us

ព័ត៌មានជាតិ

ផ្ទេរនិងប្រគល់ភារៈកិច្ច ជាប្រធានទី​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វាព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និងច្រកស្ទឹងបត់

បន្ទាយមានជ័យ ៖ ប្រធានទី​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វាព្រំដែន​អន្តរជាតិប៉ោយប៉ែត និងប្រធានទី​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វាព្រំដែន​អន្តរជាតិស្ទឹង​បត់​ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរនិងប្រគល់ភារៈកិច្ច ក្នុងពិធីមួយកាលពីល្ងាចថ្ងៃទី២០ ខែតុលាឆ្នាំ២០២៣ នៅសាលប្រជុំនៃទី​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វាព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ។

លោក វួច អូន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលត្រូវផ្ទេរចេញបានរាយការណ៍ថា លោកសូមអរគុណចំពោះ សមត្ថកិច្ចជំនាញ គ្រប់អង្គភាពនៃច្រកទ្វារ នគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ នគរបាលអន្តោប្រវេសន៍ នគរបាលទេសចរណ៍ គយនិងរដ្ឋាករ មន្ត្រីចត្តាឡីស័ក (សុខាភិបាលនិងកសិកម្ម) ដែលកន្លងមកបានសហការ ខិតខំអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ ក្នុងការបម្រើសេវាឆ្លងដែនចេញ -ចូល ជូនភ្ញៀវជាតិ-អន្តរជាតិ ក៏ដូចជាពលរដ្ឋខ្មែរ មានអាជីវករ កម្មករ និងពលករ ។

លោកបានបន្តថា លទ្ធផលដែលទីស្នាក់ការច្រកទ្វារទទួលបាន នាពេលកន្លងមក រហូតមកដល់បច្ចុប្បន្ន គឺការផ្តល់សេវាឆ្លងដែន គ្រប់ទម្រង់ជូនភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាពលរដ្ឋខ្មែរទូទៅ បានប្រសើរឡើងជាលំដាប់ ។ ហើយច្រកនេះ  បច្ចុប្បន្នទទួលបានអគារទីស្នាក់ការថ្មី សម្រាប់បំពេញការងារដែលបានបំពាក់ទៅដោយឧបករណ៍ ត្រួតពិនិត្យទំនើបរហ័ស មានស្តង់ដារ មានផាសុកភាពល្អ មានប្រព័ន្ធបញ្ជារត្រួតពិនិត្យច្រើននិងឧបករណ៍ផ្សេងៗ ។

លោក វ៉ន វណ្ណា នាយកទីចាត់ការធនធានមនុស្សសាលាខេត្ត បានអានប្រកាសស្តីពីការផ្ទេរភារកិច្ចជូនមន្ត្រីរាជការ លេខ២៤២២ ប្រក ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ដែលបានតែងតាំងលោក វ៉ាន់ ដាវ៉ាន់ ជាប្រធានទី​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វាព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ និង​ លោក វួច អូន ពីប្រធានចាស់ ទៅជា​ប្រធានទី​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វាព្រំដែន​អន្តរជាតិស្ទឹង​បត់​ ។

លោក វ៉ាន់ ដាវ៉ាន់ ប្រធានទី​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែតថ្មី បានឡើងប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារតាមតួនាទី ភារៈកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ ។

ឯកឧត្ដម អ៊ុំ រាត្រី  អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍សម្តែងនូវការទទួលស្គាល់ នូវស្មារតីសាមគ្គីភាពរបស់មន្ត្រីទីស្នាក់ការ និងមន្ត្រីជំនាញគ្រប់អង្គភាពនៃច្រកទ្វារ ដែលបានសហការគ្នាបំពេញការងារដើម្បីអោយបានសម្រេច នូវគោលនយោបាយរួមរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សា សន្តិភាព និងបំរើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងថែរក្សាបាននូវសណ្តាប់ធ្នាប់សាធារណ: ។

ឯកឧត្ដម អ៊ុំ រាត្រី បានណែនាំពីតួនាទីភារៈកិច្ចរបស់ប្រធានទីស្នាក់ការច្រកទ្វារ ហើយស្នើអោយលោកប្រធានច្រក ត្រូវមានវត្តមាននៅកន្លែងធ្វើការ ដើម្បីទ្រោលសភាពការណ៍ និងការងារទទួលខុសត្រូវចំពោះមុខរដ្ឋបាលខេត្ត ក៏ដូចជាដឹកនាំសម្របសម្រួលការងារជាមួយមន្ត្រី កងកម្លាំងមានសមត្ថកិច្ចនានា ។

ឯកឧត្ដមក៏ផ្តាំផ្ញើអោយលោកប្រធានថ្មី ទាំងពីររូប បន្តខិតខំបំពេញការងារពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងសម្ព័ន្ធមេត្រីភាព ជាមួយអាជ្ញាធរមានសមត្ថកិច្ចភាគីថៃ និងសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា ដើម្បីដោះស្រាយ ឬឆ្លើយតបទាន់ពេលវេលាលើសេចក្តីត្រូវការរបស់ពលរដ្ឋ ភ្ញៀវ និងអាជីវករ ពាណិជ្ជករទាក់ទិនមនុស្ស និងទំនិញឆ្លងដែន ៕