Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះបង្រ្កាបគ្រឿងចក្រវ៉ៃព្រៃ រុករករ៉ែ នៅស្រុកតាលោសែនជ័យ ឃាត់ខ្លួមមនុស្ស ៧នាក់

ពោធិ៍សាត់ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំអាជ្ញាធរសមត្ថកិច្ចបង្រ្កាបសកម្មភាពប្រើគ្រឿងចក្រ វ៉ៃព្រៃភ្នំ រុករករ៉ែនៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ឃាត់បានទាំងគ្រឿងចក្រ និងមនុស្ស៧នាក់ បញ្ជូនទៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ។

ការចុះបង្រ្កាប់ផ្ទាល់ពីសំណាក់រដ្ឋមន្រ្តីបរិស្ថាន ធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង៤៥នាទីព្រឹក នៅចំណុចភ្នំយាយម៉ៅ ភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីសំណាក់លោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ រួមជាមួយប្រធានមន្ទីរបរិស្ថានខេត្ត និងកងកម្លាំងអាវុធជាច្រើននាក់ ។

ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តចំនូន០៧នាក់ ក្នុងនោះមានមេការគ្រឿងចក្រ ម្នាក់ឈ្មោះ ឡូយ និងនិងបានចាប់យកគ្រឿងចក្រ អេសស្កាវ័រទ័រ ១គ្រឿង បញ្ជូនទៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីនៃច្បាប់ ។

ជាមួយនឹងការចុះបង្រ្កាបនេះ ពលរដ្ឋដែលរស់នៅតំបន់ខាងលើ បានអបអរសាទរ និងកោតសសើរចំពោះចំណាត់ការ បង្រ្កាបការបំផ្លិចបំផ្លាញធនធានធម្មជាតិនេះយ៉ាងពេញទំហឹង ។ ព្រោះតាំងពីមានការចូលវ៉ៃព្រៃរុករករ៉ែ ពីសំណាក់ឈ្មួញខាងលើ ដែលថា មានច្បាប់អនុញាតពីរដ្ឋបាលខេត្តពោធិ៍សាត់ ឃើញតែសមត្ថកិច្ចនិងអាជ្ញាធរ ចុះទៅទាំងឡានៗ តែមិនមានការបង្រាបទេ ទើបតែលើនេះទើបឃើញមានការបង្រ្កាប់ ។

សូមបញ្ជក់ថា សកម្មភាពឈ្មួញដាក់គ្រឿងចក្រ វ៉ៃព្រៃកាយដើម្បីរុករករ៉ែ នៅភ្នំយាយម៉ៅខាងលើ បានកើតឡើងតាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយការចូលសកម្មភាពនេះ ខាងឈ្មួញសំអាងលើអាជ្ញាប័ណ្ណលេខ ១១០/២៣ ស ស រ ខ ព ស ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលរដ្ឋបាលខេត្តពោធិ៍សាត់ ចេញអោយអនុវត្ត ។ បន្ទាបមកកាលពីថ្ងៃទី១៧ ខែតុលា វេលាម៉ោង០២រសៀល ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យមើលទីតាំងនោះដោយផ្ទាល់ តែមិនដឹងថា មានចំណាត់ការយ៉ាងណានោះទេ ទើបខាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះបង្រ្កាបដូច្នេះ ៕