Connect with us

ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា កត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ នៅតែមានអ្នកសារព័ត៌​មាន​ ប្រឈមនឹងការឃាត់ខ្លួន ពីសមត្ថកិច្ច

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ នៅតែមានអ្នកសារព័ត៌​មាន​ជាបន្តបន្ទាប់បានប្រឈមនឹងការឃាត់ខ្លួន ពីសមត្ថកិច្ច ពាក់ព័ន្ធនឹងការបំពាន លើក្រមសីលធម៌និងវិជ្ជាជីវៈ ដែលនាំឱ្យប៉ះពាល់ដល់ ការលើកកម្ពស់វិស័យសារព័ត៌មាន នៅកម្ពុជា ។

ជាក់ស្តែងថ្មីៗនេះ អ្នកសារព័ត៌មាន៤រូប ត្រូវ​បាន​សមត្ថកិច្ចខេត្ត​មណ្ឌល​គិរី ឃាត់ខ្លួន ដែល ក.អ.ក យល់ថា អាចមកពីកង្វះខាត ក្នុងការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈផ្នែកសារព័ត៌មាន ។

ក.អ.ក មិនបានចាត់ទុកករណីនេះ ជាបញ្ហាថ្មីសម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែល ក.អ.ក  ចង់រំលេចឱ្យឃើញនោះ គឺ ទាំងស្ថាប័នជំនាញ ទាំងសមាគមសារព័ត៌មាន ជាពិសេសក្លិបអ្នកកាសែតកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំដល់អ្នកសារព័ត៌មានអំពីក្រមសីលធម៌និងវិជ្ជាជីវៈ រួម​ទាំងការលើកទឹកចិត្តអ្នកសារព័ត៌មានក្នុង​ការអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈ ហើយជាទូទៅអ្នកសារព័ត៌មានជាច្រើន បានយល់ដឹង និងបានចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវ ។ ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួនហាក់ដូចជាមិនទាន់អនុវត្តបាន ដែលជាហេតុនាំឱ្យមានការឃាត់ខ្លួន​ ដោយសារតែការធ្វេសប្រហែស ឬមើលរំលងនូវក្រមសីលធម៌និងវិជ្ជាជីវៈ ។

ក.អ.ក ចាត់ទុក ក្រមសីលធម៌និងវិជ្ជាជីវៈ មិនគ្រាន់តែជួយអ្នកសារព័ត៌មានពីការចោទប្រកាន់ពីបទល្មើស ឬឃាត់ខ្លួននោះទេ តែក្រមសីលធម៌និងវិជ្ជាជីវៈនេះហើយដែលជួយត្រួសត្រាយផ្លូវអ្នកសារព័ត៌មានក្នុងការលើកកម្ពស់ជីវភាព​រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា ។

ក.អ.ក ជាថ្មីម្តងទៀត អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និងវិជ្ជាជីវៈ ដែលជាអាវក្រោះការពារខ្លួនឯងផង និងលើកតម្កើងសេរីភាព​សារព័ត៌មានផងដែរ។
ក.អ.ក សង្ឃឹមយ៉ាងមុតមាំថា ​អ្នកសារព័ត៌មានទាំងអស់នឹងបន្តដំណើរជាមួយ ក.អ.ក ក៏ដូចជាសមាគម​​សារព័ត៌មាន​​ផ្សេងទៀត ដើម្បីលើកកម្ពស់ការអនុវត្តនូវក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន សំដៅធ្វើយ៉ាងណាឱ្យស្ថាប័នសារព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​រក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ​ ចៀសវាងភាពអសកម្មដែលនាំឱ្យ​ប៉ះពាល់ដល់ការអភិវឌ្ឍវិស័យសារព័ត៌មាន​នៅ​កម្ពុជា ។

ក.អ.ក សូមជម្រាបជូនថា នៅចុងឆ្នាំនេះ ក.អ.ក នឹងរៀបចំវេទិកានិពន្ធនាយកលើកទី២០ ដែលជាវេទិកាដ៏មានសារសំខាន់ និងធំជាងគេរបស់ ក.អ.ក ដោយផ្តោតលើប្រធានបទស្តីពីក្រមសីលធម៌និងវិជ្ជាជីវៈមកពិភាក្សា និងបំពេញបន្ថែមលើចំណុចខ្វះខាត ហើយនឹងចេញនូវសេចក្តីថ្លែងការណ៍រួមមួយដែលរំពឹងថា នឹងជួយរម្លឹកដល់អ្នកសារព័ត៌មាន​​ឱ្យចូលរួមកាន់តែសកម្មថែមទៀតក្នុងការអនុវត្តនិងលើកកម្ពស់ក្រមសីលធម៌និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននៅកម្ពុជា ៕