Connect with us

ព័ត៌មានជាតិ

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣

នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ប្រព្រឹត្តិទៅក្នុងបរិវេណវត្តឦសាន្ដគីរីសាមគ្គីមានជ័យ(ហៅវត្តប្រយុទ្ធ) ស្ថិតនៅក្នុង ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ ឃុនហ៊ បានលើកឡើងថា វេទិការនាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតំរូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តំរូវការ សំណូមពរ ដែលបានលើកឡើងចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអរក្នុងសហគមន៍ របស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ។ ឯកឧត្តម បានបន្ថែមថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺពិភាក្សាទៅលើ ប្រធានបទមួយចំនួនដូចជា៖ សន្តិសុខសណ្តាប់ធ្នាប់សង្គម គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី ព្រៃឈើ កសិកម្ម និងជលផល ការងារអប់រំ យុវជន និងកីឡា និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុខភាពអនាម័យ សុខភាពមាតា និងទារក កិច្ចគាំពាសង្គម ការទប់ស្កាត់ជំងឺឆ្លងកាចសាហាវ និងបញ្ហាផ្សេងៗ។

ក្នុងឱកាសនោះដែរ លោកស្រី ប៉ាង រ៉ាវី ក៏បានជម្រាបជូនអំពីរបាយការណ៍សង្ខេប ស្តីពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តព្រះវិហារសម្រេចបាននាពេលកន្លងមក រួមមាន ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យជាអាទិភាពនានា ។ បន្ថែមពីនេះ លោកស្រី បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ គ្រប់លទ្ធផលសកម្មភាពទាំងអស់ មានការវិវត្តន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងវិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដោយ មានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ។

ចូលរួមមតិក្នុងអង្គវេទិការផ្សព្វផ្សាយនាពេលនោះ ប្រជាពលរដ្ឋ ក៏បានលើកឡើងអំពី បញ្ហមួយចំនួនដូចជា៖ បញ្ហាបណ្តាញអគ្គីសនី ស្ពាន ផ្លូវថ្នល់ ដែលរងការខូចខាត ការប្រើប្រាស់ដីធ្លី បញ្ហាបំណុល មីក្រូហិរញ្ញវត្ថុ ការផ្តល់សេវាសុខភាពអនាម័យនៅក្នុងមូលដ្ឋានជាដើម ។

បញ្ហាទាំងអស់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង ត្រូវបានស្រាយបំភ្លឺ និងសម្របសម្រួលពីមន្ត្រី ជំនាញពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង បង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពជាមួយប្រជាពលរដ្ឋ ។