Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីដែនដី ណែនាំឱ្យមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺពន្លឿនការចុះបញ្ជីដីធ្លីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ

កំពង់ស្ពឺ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់មន្ទីរដែនដីខេត្តកំពង់ស្ពឺពិនិត្យលទ្ធភាព ដើម្បីរៀបចំចុះបញ្ជីដីធ្លីដែលនៅសេសសល់និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានលឿននិងឆាប់រហ័សបំផុត។ការណ៍នេះធ្វើឡើងនៅទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនិងផ្តល់ម៉ូតូ សំភារៈបច្ចេកទេសវាស់វែងដល់មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧គឺជាអាណតិដឹកនាំបន្តរក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវនៃដួងព្រលឹងជាតិខ្មែរ ដូច្នេះក្នុងអាណត្តិថ្មីនេះ អ្វីៗដែលយើងត្រូវធ្វើសម្រាប់ថ្ងៃអនាគតនោះគឺធ្វើយ៉ាងណាឱ្យឬសកែវនៃដួងព្រលឹងនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ទន្ទឹមនិងនេះឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់បន្ថែមថាការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ពលរដ្ឋរបស់យើង។ហើយការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន រៀបចំធ្វើតាំងពីឆ្នាំ១៩៨៥រហូតដល់ឆ្នាំ១៩៨៩ទើបមានការចេញប័ណ្ណផ្តល់សិទ្ធិឯកជនលើអចលនទ្រព្យជូនប្រជាពលរដ្ឋលើកទីមួយ។ហើយពីឆ្នាំ១៩៨៩រហូតមកដល់ឆ្នាំ២០២៣នេះនឹងឈានទៅខួបទី៤០នៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់មន្ត្រីរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

ជាមួយនោះឯកឧត្តមឧបនាយករដ្ឋក៏បានលើកឡើងផងដែរថាមុននឹងឈានដល់ខួបលើកទី៤០នៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លី មន្ត្រីជំនាញនិងអង្គភាពពាក់ពន្ធ័ត្រូវខិតខំប្រឹងប្រែងធ្វើការងារទាំងអស់គ្នារវាងមន្ត្រីបច្ចេកទេសនៃមន្ទីរជំនាញនិងមន្ត្រីស្មគ្រ័ចិត្តដើម្បីបង្ហើយការងារចុះបញ្ជីដីធ្លីក្នុងខេត្តកំពង់ស្ពឺឱ្យបានចប់សព្វគ្រប់ទៅតាមផែនការដែលបានកំណត់។ជាមួយគ្នានេះត្រូវគិតគូបញ្ចូលសេវាសាធារណៈចាំបាច់របស់ច្រកចេញចូលតែមួយជាបណ្តើរៗទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាលឿនរហ័សនិងជឿទុកចិត្តធ្វើយ៉ាងណាឱ្យបណ្ណ័បានទៅដល់ដៃពលរដ្ឋគ្រប់គ្នា។