Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ ជំរុញដល់មាតាបិតា អាណាព្យាបាល ត្រូវបន្តណែនាំដល់កូនចៅរបស់ខ្លួនឱ្យយល់ច្បាស់ពីបញ្ហាគ្រឿងញៀន និងផលវិបាករបស់គ្រឿងញៀន

(បាត់ដំបង) កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា១ខ្នង ៥បន្ទប់ និងអណ្ដូងទឹក២ ដែលជាអំណោយរបស់លោក GENICHI SHIMIZU និងក្រុមគ្រួសារមកពីប្រទេសជប៉ុន ស្ថិតនៅក្នុងសាលាបឋមសិក្សាទួលថ្ងាន់ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

នាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងនូវអំណរគុណ និងកោតសរសើរដល់លោក GENICHI SHIMIZU និងក្រុមគ្រួសារ ដែលបានចំណាយថវិកា និងធនធានដ៏មានតម្លៃរបស់ខ្លួន ក្នុងការចូលរួមកសាងសាលារៀននៅប្រទេសកម្ពុជា និងស្ថិតនៅក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ដែលនេះបានបង្ហាញអំពីទឹកចិត្តសប្បុរស និងការស្រឡាញ់មកលើប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សាលារៀនឱ្យកាន់តែនៅជិតប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទដាច់ស្រយាល មានឱកាសបញ្ជូនកូនៗសិក្សារៀនសូត្របានផងដែរ ។

ជាមួយគ្នានេះឯកឧត្តម ក៏បានជំរុញដល់មាតាបិតា អាណាព្យាបាល ត្រូវតែបន្តណែនាំដល់កូនចៅរបស់ខ្លួនឱ្យយល់ច្បាស់ពីបញ្ហាគ្រឿងញៀន និងផលវិបាករបស់គ្រឿងញៀន ដែលជាបញ្ហាប្រឈមខ្លាំងជាងគេនៅក្នុងសង្គម និងត្រូវបញ្រ្ជៀបការយល់ដឹងអំពីច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស កូនចៅទាំងអស់ឱ្យយល់ច្បាស់ពីបញ្ហាចរាចរណ៍ ផលប៉ះពាល់ក្រោយពេលជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម ។

បន្ថែមពីនេះឯកឧត្តមក៏បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ត្រូវតែធ្វើយ៉ាងណារៀបចំបរិស្ថានជុំវិញសាលារៀន ផ្ទះ ឱ្យបានស្អាតជាប្រចាំ គ្មានសំរាម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងត្រូវដាំដើមឈើ បន្លែ ផ្លែឈើនៅលើដីដែលខ្លួនទំនេរ ដើម្បីដោះស្រាយជីវភាពបានមួយកម្រិតពេលទទួលបានផ្លែផ្កា យើងអាចយកលក់ ឬបរិភោគបានដោយមិនព្រួយបារម្ភបញ្ហាការប្រើប្រាស់ជីគីមីនោះឡើយ៕