Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងបានជន់លិចប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅតំបន់អាងកំពីងពួយជិត៣០០ខ្នង ដំណាំស្រូវ និងដំណាំរួមផ្សំជាង ១០០ហិចតា និងផ្លូវថ្នល់រាប់ពាន់ម៉ែត្រ

(បាត់ដំបង)! ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នាបង្កជាជំនន់បណ្តាលអោយជន់លិច ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ព្រមទាំងផ្លូវថ្នល់ផងដែរនៅតំបន់ទំនប់អាងកំពីងពួយ ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានអោយដឹងនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះថា គិតចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលទឹកនេះបានហូរមកពីអូរដូនពៅ និងធ្លាក់ពីតំបន់ជុំវិញអាងកំពីងពួយ ហើយធន់ធានទឹកបានបិទទ្វារតម្កល់ទឹកអាង ដែលបច្ចុប្បន្នមានចំណុះដល់១៧០លានម៉ែត្រគូប និងកម្ពស់ទឹក២៤.៥១ម៉ែត្រ ខណៈដែលក្នុងផែនការបំរុងស្តុបទុកចំនួន ២០០លានម៉ែត្រគូបទើបបណ្ដាលឱ្យទឹកឡើងលិចប៉ះពាល់ភូមិឋាន ផ្លូវ និងដំណាំរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខាងលើ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ផ្ទះដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងខាងលើ គឺជាផ្ទះដែលប្រជាពលរដ្ឋបានសាងសង់រស់នៅអាស្រ័យផលនៅក្នុងអាង មិនមែនជាដីកម្មសិទ្ធិនោះទេ ដែលប៉ះពាល់សរុបចំនួន ២៧១ខ្នងផ្ទះ ស្មើនឹង ៣៥០ គ្រួសារ- ក្នុងនោះជម្លៀសសត្វពាហនះ(គោក្របី) ចំនួន ២០៥ក្បាល
/-ប៉ះពាល់ផ្លូវបេតុង ចំនួន០១កន្លែងប្រវែង ១២០០ម៉ែត្រ /ផ្លូវគ្រួសក្រហមចំនួន៦ កន្លែង ប្រវែង ៤៤៥០ម៉ែត្រ /-លូ០២ កន្លែង /-ដំណាំស្រូវចំនួន ១០៥ហិចតា ខូចខាតទាំងស្រុង និងចំណាំរួមផ្សំ ចំនួន ១៣ហិចតា ខូចខាតទាំងស្រុង ។

លោកបានបញ្ជាក់បន្ថែមថា ស្ថានភាពទឹកបច្ចុប្បន្ននៅនឹងដដែលពិបាកធ្វើដំណើរតាមដងផ្លូវខ្លះៗ ពិសេសក្មេងៗទៅសាលារៀនផងដែរ ដែលពេលនេះលោកបាននិងកំពុងរាយការណ៍ជូនថ្នាក់ដឹកនាំ ពិសេសលោកអភិបាលខេត្ត ដើម្បីពិនិត្យបញ្ហានេះឡើងវិញ។