Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញផ្កាប់មុខស្លាប់នៅក្នុងទឹកប្រឡាយដោយមិនដឹងមូលហេតុ

(បាត់ដំបង)! បុរសវ័យខ្ទង់៤០ឆ្នាំម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញផ្កាប់មុខស្លាប់នៅក្នុងទឹកប្រឡាយដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិដំណាក់ដង្កោ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ពួកគេបានឃើញបុរសជនរងគ្រោះធ្វើដំណើរដើរពីត្បូងទៅជើង និងបានចងអង្រឹងដេកនៅមាត់ប្រឡាយទឹកកន្លែងកើតហេតុខាងលើ លុះព្រឹកឡើងនៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏ស្រាប់តែមានអ្នកឃ្វាលទា បានដើរដេញទាអោយស៊ីចំណីតាមស្រែនិងប្រឡាយទឹក ក៏ប្រទះឃើញជើងជនរងគ្រោះដោយក្បាលលិចនៅក្នុងទឹក ភ្លាមនោះបានទៅរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានអោយចុះមកមើលតែម្តង។

ក្រោយមកអាជ្ញាធរមូលដ្ឋានក៏ដូចជាក្រុមសមត្ថកិច្ចជំនាញ ក៏ដូចជាប្រជាពលរដ្ឋចុះមកពិនិត្យមើលជាក់ស្តែង និងទាញស្រង់មកលើគោក សាកសពជនរងគ្រោះគឺមិនអ្នកស្គាល់សាវតារនោះទេ អាចជាជនអនាថា ហើយមូលហេតុនៃការស្លាប់នេះអាចដោយសារជនរងគ្រោះស្រវឹងស្រា ទើបបណ្តាលអោយធ្លាក់ចូលទឹកងើបមិនរួច ព្រោះនៅកន្លែងកើតហេតុបានបន្សល់ទុកដបស្រាចំនួន២ផងដែរ។

ក្រោយបញ្ចប់ការធ្វើកោសល្យវិច័យ សពជនរងគ្រោះត្រូវបានអាជ្ញាធរមូលដ្ឋាននិមន្តព្រះសង្ឃមកបង្សុកូល និងដឹកយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តរាំងកេសី។