Connect with us

ព័ត៌មានជាតិ

បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ជូនពលរដ្ឋនៅភូមិសំរោង

បន្ទាយមានជ័យ ៖ ក្បាលដីចំនួន ៤៨០ក្បាល ដីរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រៀបចំពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ។

ពិធីបិទផ្សាយនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅបរិវេណវត្តសោភណារាម (វត្តសំរោង) ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមការចូលរួមពីសំណាក់លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ លោក រ៉ូ ប៉ូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក នង ធឿន អភិបាលរងស្រុកអូរជ្រៅ និងដោយមានការចូលរួមពីលោក លោកស្រី កងកម្លាំងទាំងបី និងប្រជាពលរដ្ឋ ។

លោក រ៉ូ ប៉ូរ៉ា បានបញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រញាប់រួសរាន់ទៅពិនិត្រមើលការបិទ ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានរយៈពេល១៥ថ្ងៃ (គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣) គឺ រាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់ ។ ដេីម្បីមានលទ្ធភាពអោយម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើកក្នុងករណីផុតរយៈពេលកំណត់ នៃការបិទផ្សាយបងប្អូនប្រជាពលរដ្ឋ មិនអាចជំទាស់តវ៉ាបានទៀតឡើយ ។

លោកបានធ្វើការអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញសូមបន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឲ្យបានដឹង និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យដែលក្រុមការងារចុះបញ្ជីរ ដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់មន្ទីរដែលបានអនុវត្តតាមនីតិវិធី អោយបានគ្រប់ៗគ្នា ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិ គឺ មានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋ ដូចជា ធានានូវសិទ្ធិរបស់អ្នក ក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឲកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត ៕