Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនបុរស២នាក់ បញ្ជូនទៅតុលាការ ក្រោយគាស់ផ្ទះ យកមាសអស់ជិត២៥០តំឡឹង នៅស្រុកថ្ពង

កំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូនខ្លួនបុរស២នាក់ ទៅតុលាការខេត្ត ក្រោយសង្ស័យថាបានគាស់ផ្ទះអ្នកលក់គ្រឿងអលង្កា និងប្តូរប្រាក់ យកមាសអស់ជិត២៥០តំឡឹង ហើយគេចខ្លួនបាត់ ។

យោងតាមសម្តីមន្ត្រីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពគាស់ផ្ទះរបស់ឈ្មោះ ប៊ុន ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ និងឈ្មោះ បេង ឡាំអ៉ីម ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ពេលដែលម្ចាស់ផ្ទះនាំគ្នាទៅធ្វើបុណ្យ នៅវត្ត យកគ្រឿងអលង្កាអស់មួយចំនួន ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ ក៏បានប្រមូលគ្រឿងអលង្កាហើយគេចខ្លួនបាត់ស្រមោល ។​

មន្ត្រីរូបនេះបន្តថា ដោយទទួល​បាន​បទបញ្ជា​ និងការចង្អុលណែ​នាំ​ពី​នាយឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាលជាតិ​ និងលោកឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ បានដឹកនាំផែនការងារជំនាញ​ព្រហ្មទណ្ឌ​ អធិការ​ស្រុក​និងជំនាញ​ពាក់ព័ន្ធ​ធ្វើ​ការស្រាវជ្រាវ​ និងសម្របសម្រួលនីតិវិធីពី​ អយ្យការ​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ព្រមទាំងបានកិច្ចសហការពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ នគរបាលក្រសួងមហាផ្ទៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ទាំង៥ បានឈានដល់កំណត់មុខស​ញ្ញាជនសង្ស័យ​ បក្ខពួក​ប្រព្រឹត្ដបទល្មេីស​បាន​ ហើយដល់ការចាប់ខ្លួននិងដកហូតវត្ថុតាងបានមួយចំនួនធំ ។

សមត្ថកិច្ចក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យដែលបានឃាត់ខ្លួនមាន ១-ឈ្មោះ ប៉ិច ផាណ្ណៈ ភេទប្រុសអាយុ៣៩ឆ្នាំ លំនៅផ្ទះភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀ​មរាប ខេត្តសៀមរាប ។ ២-ឈ្មោះ ណាម វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិកំពង់ពិល ឃុំវត្តតាមឹម​ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ក្នុងប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ  សមត្ថកិច្ចបានដកហូតវត្ថុតាង​មួយចំនួន ដែលបានផ្លាស់ប្ដូរទម្រង់ដេីម​គ្រឿង​អលង្ការ​ ចំនួនប៉ាន់ស្មាន​ ២៥០​ តម្លឹង​ លោហៈ​ប្រភេទ​ប្លាកទីន​ គឹតជាទឹកប្រាក់​ប្រមាណ​១៦​មុឺនដុល្លា​សហរដ្ឋអាមេរិក  និងរថយន្តព្រូសដែលធ្វើសកម្មភាពមួយគ្រឿង ៕

ដោយ ៖ ប៊ុត សារុន