Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺណែនាំឱ្យផ្អាកអាជីវកម្មមួយចំនួនបណ្តោះអាសន្នដែលបើកនៅជុំវិញមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ រយៈពេល២ថ្ងៃ

កំពង់ស្ពឺ៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតចូលមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្មមួយចំនួនដែលបើកនៅជុំវិញមណ្ឌលប្រឡងឱ្យផ្អាកបណ្តោះអាសន្នរយៈពេល២ថ្ងៃដើម្បីឱ្យការប្រឡងប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ។

នៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺលើកឡើង ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ រយៈពេលចំនួន ០២ថ្ងៃ គឺ នៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង១១មណ្ឌល ក្នុងខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងដូចខាងក្រោម៖១-ត្រូវផ្អាកជាបណ្តោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ិនធឺណិត និងអាជីវកម្មលក់ សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ២-ត្រូវផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅជុំវិញ បរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និង៣-ដោយឡែកទីតាំងអាជីវកម្មផ្សេងទៀត ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេង ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។

ជាមួយនោះរដ្ឋបាលខេត្តកំពង់ស្ពឺក៏បានអំពាវនាវដល់សាធារណជននិងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ដោយសេចក្ដីអនុគ្រោះ ហើយក្រោយការបញ្ចប់ការប្រឡងនេះ បងប្អូនអាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្ម ជាធម្មតាឡើងវិញ។