Connect with us

ព័ត៌មានជាតិ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នេះ ខេត្តបាត់ដំបងមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៩៣០០នាក់

បាត់ដំបង៖ ដំណើរការប្រឡងបាក់ឌុបថ្ងៃទី១ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបាត់ដំបង និងលោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ព្រមទាំងភាគីពាក់ព័ន្ធ បានអញ្ជើញបើកហឹប និងកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិបាត់ដំបង។

លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំ២០២៣នេះ នៅទូទាំងខេត្តបាត់ដំបងមានបេក្ខជនចូលរួមសរុប ៩៣០០នាក់ ក្នុងនោះស្រីចំនួន ៥១០៤នាក់ បែងចែកជា១៤មណ្ឌល នៅក្នុងក្រុងបាត់ដំបង១៣មណ្ឌល និងស្រុកសង្កែ១មណ្ឌល។

លោកបន្តថា ដំណើរការប្រឡងទទួលបានការគាំទ្រពីអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ ជំនួយការអប្បមាទដែលជ្រើសយកគរុសិស្ស មន្រ្តីសុខាភិបាលប្រចាំការនៅតាមមណ្ឌល គណៈកម្មការអនុរក្ស គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការកណ្ដាល  និងការចូលរួមរក្សាសន្តិសុខសណ្ដាប់ពីកម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ។

លោក យី សុងគី បានឱ្យដឹងបន្ថែមថា សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះដូចកាលពីឆ្នាំមុនដែរ គឺរដ្ឋបាលខេត្តទទួលបន្ទុកលើការចំណាយថ្លៃផ្ញើកង់ ម៉ូតូ សម្រាប់បេក្ខជនទាំងអស់ ហើយជាមួយគ្នានោះរដ្ឋបាលខេត្តបានណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សូមមេត្តាកុំដំឡើងថ្លៃ ត្រូវរក្សាតម្លៃរបស់ខ្លួនឱ្យនៅដដែលដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បេក្ខជនដែលមកពីស្រុកនានាអាចស្នាក់នៅឬហូបចុកក្នុងកម្រិតថវិកាសមរម្យណាមួយ និងដើម្បីចូលរួមចំណែកជាមួយប្រទេសជាតិតាមរយៈការមិនដំឡើងថ្លៃសេវា ក្នុងន័យលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា៕