Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជិត ១០០គ្រួសារ បានផ្តិតមេដៃលើកគ្នាស្នើរអោយអាជ្ញាធរជួយដោះស្រាយព្រំដីដែលអាស្រ័យផលជិត៤០ឆ្នាំ ក្រោយរដ្ឋបាលកាត់ឆ្វៀលអោយទៅខាងឃុំកំពង់ព្រៀង

បាត់ដំបង! ប្រជាពលរដ្ឋជិត ១០០គ្រួសារ តំណាងអោយពលរដ្ឋជាង៤០០គ្រួសារមកពីភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្តិតមេដៃលើកគ្នាប្រមូលផ្តុំនៅសាលាឃុំកំពង់ព្រះ ដើម្បីស្នើរសុំអោយអាជ្ញាធរជួយដោះស្រាយទាមទារព្រំដីដែលអាស្រ័យផលជិត៤០ឆ្នាំ ក្រោយខាងរដ្ឋបាលចុះវាស់វែងកាត់ឆ្វៀលអោយទៅខាងឃុំកំពង់ព្រៀងជាអ្នកគ្រប់គ្រង។

លោក ឱហាត អំរិន្ទ តំណាងអោយពលរដ្ឋជាង៤០០គ្រួសារ បានបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនគ្រួសារមកប្រមូលផ្តុំគ្នាថ្ងៃនេះ ក្នុងគោលបំណងធំបំផុតគឺពួកគាត់មិនចង់អោយរដ្ឋកាត់ឆ្វៀលដែនដីដែលគ្រប់គ្រងដោយឃុំកំពង់ព្រះជាច្រើនឆ្នាំ អោយទៅខាងឃុំកំពង់ព្រៀងនោះទេ គឺពួកគាត់ចង់បានព្រំប្រទល់រវាងឃុំកំពង់ព្រះប៉ុណ្ណាតាមផែនទីចាស់ គឺគាត់ចង់បានប៉ុណ្ណឹង និងមួយវិញទៀតគាត់គិតថាបើកាលណាកាត់ទៅអោយខាងកំពង់ព្រៀង គឺគាត់ធ្វើដំណើរទៅរហូត០៧គីឡូទើបទៅដល់សាលាឃុំកំពង់ព្រៀង តែបើនៅឃុំកំពង់ព្រះគាត់ធ្វើដំណើរត្រឹមតែ០៣គីឡូដល់ ដូច្នេះដីដែលប្រគល់អោយពួកគាត់នៅក្នុងតំបន់០២ តំបន់០៣ជាកម្មសិទ្ធនោះ គឺគាត់ស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់ឃុំកំពង់ព្រះ មិនមែនដែនគ្រប់គ្រងដោយឃុំកំពង់ព្រៀងដែលមានពលរដ្ឋមួយចំនួនដែលពួកគាត់បានទៅវាស់ទេ។

ចំណែកលោក ប៉ុយ ប៉ម មេភូមិស្រះកែវ បានអោយដឹងដែរថា ប្រជាពលរដ្ឋមកអ៊ូអរនៅសាលាឃុំកំពង់ព្រះនេះ គឺពួកគាត់មកទាមទារយកព្រំដីដែល៤០ឆ្នាំមុនពួកគាត់គ្រប់គ្រងបែងចែកព្រំប្រទល់ចាប់ពីប្រឡាយអញ្ចាញ រហូតដល់តំបន់០២ តំបន់០៣ ដែលខាងរដ្ឋបាលមកយកចូលផុតពីព្រំប្រទល់០១គីឡូ តែខាងប្រជាពលរដ្ឋមិនព្រមអោយទៅវាស់នោះទេ គឺគាត់សំណូមពរអោយថ្នាក់លើកែតម្រូវដីរដ្ឋបាលអោយស្មើនឹងព្រំវិញ ហើយប្រជាពលរដ្ឋមួយចំនួន បើធ្វើឯកសារប្លង់បង្កាន់ដៃនៅតំបន់០២ តំបន់០៣ ឬតំបន់០១ គឺគាត់មិនព្រមទៅធ្វើបំពេញឯកសារនៅកំពង់ព្រៀងទេ គឺគាត់ស្ម័គ្រចិត្តនៅកំពង់ព្រះ។

ជាមួយគ្នានេះដែរ លោក ហ៊ីង ស៊ីថា មេឃុំកំពង់ព្រះ ក៏បានសម្របសម្រួលដោយសន្យាថា រដ្ឋបាលឃុំនិងរៀបចំឯកសារដែលប្រជាពលរដ្ឋផ្តិតមេដៃស្នើអោយរដ្ឋបាលឃុំជួយដោះស្រាយនេះបញ្ជូនទៅថ្នាក់លើដើម្បីអោយជំនាញជាអ្នកដោះស្រាយ ព្រោះបញ្ហាព្រំដីនេះមានតែខាងភូមិបាលដែលមានជំនាញដោះស្រាយ ហើយលោកនឹងស្នើទៅលោកអភិបាលស្រុកដើម្បីអោយលោកជួយពិនិត្យឡើងវិញ រវាងព្រំប្រទល់រដ្ឋបាលឃុំកំពង់ព្រះ និងរដ្ឋបាលឃុំកំពង់ព្រៀង។