Connect with us

ព័ត៌មានជាតិ

សង្ស័យប្រើប្រាស់ថ្នាំញៀន នគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ SKY KTV ឃាត់ខ្លួនមនុស្សប្រុសស្រី១០៧នាក់

បន្ទាយមានជ័យ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន ជាអធិការ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង យីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន កាលពីវេលាម៉ោង២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ប្រតិបត្តិការនេះមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ជាលទ្ធផលនគរបាល បានឃាត់ខ្លួនជនសង្ស័យចំនួន១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះជនបរទេសចំនួន៤២នាក់ ស្រី០៧នាក់ រួមមាន៖ ឥណ្ឌូនេស៊ីៈ២១នាក់ ស្រី០១នាក់,  វៀតណាម ១៥នាក់ ស្រី០២នាក់, ចិនៈ០៣នាក់ ស្រី០១នាក់, ថៃៈ០៣នាក់ ស្រី០៣នាក់ ។ និងបានដកហូតបាន ម្សៅម៉ត់សថ្លា ០៦កូនថង់ និង០១កូនថង់តូច, ថ្នាំកញ្ចប់ពណ៌ក្រហម(រូបសេះ)០១កញ្ចប់, ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់, ពណ៌លឿង ១០កញ្ចប់, ពណ៌ទឹកក្រូច០១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ(L V)០១កញ្ចប់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេ SKY KTV ត្រូវបានបិទបណ្តោះអាសន្ន ។ រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕