Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

ត្បូងឃ្មុំ ៖ មានប្រសាសន៍លើកឡើងនាឱកាសនោះ លោក ពាង ណារិទ្ធ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា បុណ្យឯករាជ្យជាតិ៩ វិច្ឆិកា គឺជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងថ្កុំថ្កើងដែលត្រូវបានប្រារព្ធធ្វើឡើង ក្នុងគោលបំណងចំបងដើម្បីរំលឹកអំពីកម្លាំងមហាសាមគ្គីជាតិទាំងមូលដែលដណ្តើមបានទាំងស្រុងនូវឯករាជ្យដ៏ពិតប្រាកដពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា នៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៃយើងទាំងអស់គ្នា ។

ជាមួយគ្នានេះ ការរំលឹកខួបអនុស្សាវរីយ៍នេះបានប្រព្រឹត្តទៅទន្ទឹមពេលជាមួយគ្នានិងទិវាកំណើតកងយោធពលខេមរភូមិន្ទក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី ដែលបានពុះពារ តស៊ូ ប្រយុទ្ធធ្វើពលិកម្ម យ៉ាងអង់អាចក្លាហានជាទីបំផុតដើម្បីសង្គ្រោះជាតិ មាតុភូមិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងពីភ្នក់ភ្លើងសង្គ្រាម ហើយព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការការពារ បូរណភាពទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលខេត្តស្តីទី លើកឡើងបែបនេះក្នុងឱកាសដែល លោក និងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ទីរ អង្គភាព ជុំវិញខេត្ត អញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ និង ៩ វិច្ឆិកា ២០២៣ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ។ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣ នេះ ។

លោក ពាង ណារិទ្ធ បានបន្តថាដោយសារភាពរឹងរូសរបស់ពួកអាណានិគមនិយមបារាំង ខណៈមិនបានប្រគល់ឯករាជ្យពេញបរិបូណ៌មកឱ្យកម្ពុជា ទើបព្រះបាទសម្ដេចនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះតំរិះត្រាស់បង្គាប់ឱ្យបង្កើតកងជីវពលនារីក្លាហាន គ្រប់ស្រុក គ្រប់ខេត្តទាំងនៅតាមបណ្តាជនបទ ដោយសកម្មភាពហ្វឹកហាត់ក្បួនប្រយុទ្ធ ដើម្បីត្រៀមតស៊ូតាមគ្រប់រូបភាព ។

ហើយចលនាដ៏ពុះកញ្ជ្រោលរបស់មហាជន ប្រជាជនបានក្លាយជាកម្លាំងសង្កត់ ចាប់បង្ខំឱ្យពួកអាណានិគម ធ្វើសេចក្តីប្រកាសនូវកិច្ចសន្យារបស់ខ្លួននាថ្ងៃ ៣ កក្កដា ១៩៥៣ ស្តីពីការប្រគល់ឯករាជ្យទាំងស្រុងដល់ព្រះរាជាណាចក្រកម្ពុជា ដោយនៅថ្ងៃទី ២៩ សីហា និងថ្ងៃ ១៧ តុលា ១៩៥៣ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាជាបន្តបន្ទាប់ស្តីពីការផ្ទេរអំណាចខាងសមត្ថកិច្ចតុលាការ សមត្ថកិច្ចប៉ូលិស និងយោធាប្រគល់ឲ្យរាជរដ្ឋាភិបាលកម្ពុជាវិញ ។

នៅថ្ងៃ ៩ វិច្ឆិកា ១៩៥៣ គឺជាទិវាដ៏មហានក្ខត្តឫក្សបើកទំព័រសករាជថ្មី ជាប្រវត្តិសាស្ត្រចារឹកនូវការផ្ទេរអំណាចទាំងអស់របស់ពួកអាណានិគមនិយមបារាំងថ្វាយចំពោះព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ហើយប្រទេសកម្ពុជាក៏បានទទួលឯករាជ្យពេញបរិបូរណ៍ចាប់ពីពេលនោះមក ។

ក្នុងឱកាសនោះដែរ កងកម្លាំងទាំងបីក៏បានឡើងធ្វើចំណាប់អារម្មណ៍ដែរថា ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការីជនដែលមានគុណបំណាច់ចំពោះជាតិសាសនា ព្រះមហាក្សត្រក្នុងនាម កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការនិងប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំទាំងមូលបានធ្វើការប្តេជ្ញាចិត្ត ការពារដាច់ខាត រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ការពារដាច់ខាតរាជរដ្ឋាភិបាលកម្ពុជា ។

គាំទ្រអនុវត្តឱ្យបានជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តបន្ទាប់ ៕