Connect with us

ព័ត៌មានជាតិ

ថ្ងៃដំបូងនៃពិធីប្រណាំងទូកនៅខេត្តបន្ទាយមានជ័យមានអ្នកទស្សនាជាង៣ម៉ឺននាក់

បន្ទាយមានជ័យ៖ មានប្រជាពលរដ្ឋជាង៣ម៉ឺននាក់នៃថ្ងៃដំបូងនៃពិធីប្រណាំងទូកដែលរដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំនៅស្ទឹងសិរីសោភ័ណ ក្រោយសាកលវិទ្យាល័យជាតិមានជ័យដើម្បីចូលរួមអបអរសារទរព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យតំណាងអនុគណៈកម្មការការបច្ចេកទេសនៃគណ:កម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិខេត្តបន្ទាយមានជ័ងបានអោយដឹងថា ពិធីប្រណាំងទូកនេះបានធ្វើឡើងរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ដោយមានទូកងចំនួន២៨ទូក មកពីបណ្តាវត្តនានា ក្នុងស្រុក ក្រុង របស់ខេត្ត
ក្នុងនោះទូក “ង” ចំណុះ ៧៥ នាក់ មួយទូក, ចំណុះ ៧២នាក់ មួយទូក, ចំណុះ៦៩នាក់ មួយទូក, ចំណុះ ៤៧នាក់ មួយទូក, ចំណុះ ៤៥នាក់ មួយទូក, ចំណុះ ២២នាក់ ១៣ទូក, ចំណុះ ៥នាក់ ចំនួន៨ទូក និងចំណុះ៤នាក់ ២ទូក ។

 

ថ្លែងឱកាសបើកការប្រកួតលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា : ការរៀបចំពិធីប្រណាំងទូកនេះ គឺធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយរំសាយ ការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្តក៏ដូចជាមកពីបណ្តាខេត្តជិតឆ្ងាយផងនិងក៏ដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ។
ពោលគឺក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់មកហើយ ។

 

លោកអ៊ុ រាត្រី អោយដឹងទៀតថា : ពិធីប្រណាំងទូកនេះគឺជាការឧទ្ទិសរំលឹកពីវីរ:ភាពនៃកុលបុត្រកងទ័ពជើងទឹកខ្មែរក្នុងសម័យអង្គរដែលវាយយកទឹកដីមហានគរពីការឈ្លានពាន របស់សត្រូវ។

ពិធីនេះក៏ឧទ្ទិសដល់គុណព្រះធរណីនិងព្រះគង្គា ដែលបាននាំមកនូវដីល្បាប់ដ៏មានជីវជាតិ មកស្រោចស្រពលើផ្ទៃដីឱ្យផលដំណាំប្រជាកសិករទទួល ផលល្អប្រសើរសម្រាប់ជីវភាព ប្រកបដោយភាពសុខក្សេមក្សាន្ត។
លោកបានធ្វើការក្រើនរម្លឹកដល់ចំណុះទូកទាំងអស់ ត្រូវគោរពនូវវិន័យការប្រកួតត្រូវចេះសាមគ្គីគ្នា ត្រូវបង្ហាញទឹកចិត្តជាកីឡាប្រឹងប្រែងក្នុងប្រកួតដណ្តើមយកជ័យជម្នះ ដើម្បីសម្រាប់វត្តអង្គភាពឬមូលដ្ឋានរបស់ខ្លួន។

ជាមួយនឹងពិធីប្រណាំងទូកនេះដែលនៅ ពេលរាត្រី ក៏មានការតាំងពិព័រណ៍លក់ផលិតផលនៃភូមិមួយផលិតផលមួយនិងផលិតផលទូទៅ នៅបរិវេណសួនមានជ័យ ភូមិ៣សង្កាត់ព្រះពន្លា និងការបណ្តែតប្រទីបអចល័តរបស់អង្គភាពរដ្ឋបាលខេត្ត មន្ទីរ អង្គភាព / បញ្ជាការដ្ឋាន ស្នងការដ្ឋាន រដ្ឋបាលក្រុង ស្រុកចំនួន៣៨.នៅលើស្ទឹងសិរីសោភ័ណ នាក្បាលស្ពានថ្ម នាភូមិ៣សង្កាត់,ព្រះពន្លា ទៀតផង ៕