Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដឹកនាំប្រតិភូប្រជុំពិភាក្សាពីស្ថានភាពនៃការនាំចេញថ្មអារនៅភូមិសាស្រ្តខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ

ខេត្តក្រចេះ៖  ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីចុងសប្តាហ៍នេះសាលាខេត្តក្រចេះ បានដឹកនាំប្រតិភូជួបប្រជុំពិភាក្សាពីស្ថានភាពនៃការនាំចេញថ្មអារនៅភូមិសាស្រ្តខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ក្រោយរាជ រដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ២៩៩ អនក្រ.បក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ស្ដីពីការកែ សម្រួលអាត្រាអាករនាំចេញលើមុខទំនិញ ថ្មធម្មជាតិ ដែលបានអនុវត្តចាប់ពីថ្ងៃ ទី១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រសួងពាក់ព័ន្ធនិងអាជ្ញាធរខេត្តទាំងពីរ និងតំណាងក្រុម ហ៊ុនថ្មម៉ាតទាំងអស់ ចូលរួមដើម្បីផ្សព្វផ្សាយសំដៅពង្រឹងការអនុវត្តអនុក្រឹត្យខាងលើឱ្យកាន់តែមានប្រសិទ្ធភាព និងការដឹកនាំចង្អុលបង្ហាញ ព្រមទាំងការដាក់ចេញនូវវិធានការនានាជាដើម។
យោងតាមរបាយការណ៍លោក វ៉ា ថន អភិបាល ខេត្តក្រចេះបានអោយដឹងថា ខេត្តនេះមានសក្តានុពលលើវិស័យធនធានធម្មជាតិរ៉ែ ថ្មអារ មាននៅក្នុងភូមិសាស្ត្រ ស្រុកចំនួន៤រួមមានស្រុកស្នួល និងស្រុកអូរគ្រៀងសែនជ័យ ស្រុកសំបូរ និងស្រុកចិត្របុរី។
បច្ចុប្បន្នខេត្តមានក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មថ្មអារសរុបចំនួន២៤ក្រុមហ៊ុន ស្មើ ២៩អាជ្ញាបណ្ណ ក្នុងនោះស្រុកស្នួលមានចំនួន១៧ក្រុមហ៊ុន ស្មើ១៨អាជ្ញាបណ្ណ ដំណើរការចំនួន៤ក្រុមហ៊ុន ស្មើ៤អាជ្ញាបណ្ណ ដាក់ពាក្យសុំព្យួរ និងផ្អាកសកម្មភាពចំនួន៩ក្រុម ហ៊ុន ស្មើ១០អាជ្ញាបណ្ណ ដាក់ ពាក្យសុំលុបអាជ្ញាបណ្ណ័ចំនួន ១ក្រុមហ៊ុន ស្មើ១អាជ្ញាបណ្ណ និងពុំធ្វើសកម្មភាពនិងដាក់ ពាក្យព្យួរចំនួន៣ក្រុមហ៊ុន ស្មើ ៣អាជ្ញាបណ្ណ។
ស្រុកអូរគ្រៀងសែនជ័យមាន ១ក្រុមហ៊ុន ស្មើ៥អាជ្ញាបណ្ណ បច្ចុប្បន្នដំណើរការ ៤អាជ្ញាបណ្ណ និងព្យួរ១អាជ្ញាបណ្ណ ស្រុកសំបូរ ចំនួន៤ក្រុមហ៊ុន ស្មើ ៤អាជ្ញាបណ្ណ និងស្រុកចិត្របុរីចំនួន២ក្រុមហ៊ុន ស្មើ ២អាជ្ញាបណ្ណ ។
លោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានបញ្ជាក់ថា ការចូលរួមថ្ងៃនេះតាមការចង្អុលទិសរបស់សម្ដេចបវរអធិបតី នាយករដ្ឋមន្ត្រីក្រោយពីមានការកែសម្រួលនៅគោលនយោបាយមួយចំនួនពាក់ព័ន្ធនឹងការនាំចេញថ្មរអា ហើយថ្ងៃនេះក៏សូមអរគុណដល់គណៈប្រតិភូអន្តរក្រសួងដែលមានក្រសួងរ៉ែនិងថាមពលផងនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្នុងនោះក៏មានតំណាងថ្នាក់ដឹកនាំគយនិងរដ្ឋាករ ពន្ធដារហើយរួមជាមួយនឹង មន្ត្រីសំខាន់ៗនៅតាមច្រកព្រំដែនខេត្តត្បូងឃ្មុំនិងខេត្តក្រចេះផងដែរ ។ហើយការចូលរួមនេះ
ដើម្បីរកយន្តការជំរុញនិងដំណោះស្រាយឱ្យការធ្វើអា ជីវកម្មថ្មអារបានកាន់តែប្រសើរឡើង ដោយផ្អែកលើ ការយកចិត្តទុកដាក់និងទទួលខុសត្រូវ៥(ប្រាំ) ចំណុចដូចខាងក្រោម៖ ១.អភិបាលកិច្ចក្នុងការគ្រប់គ្រងអាជ្ញាបណ្ណធនធានរ៉ែ
២.ការការពារបរិស្ថានពីការធ្វើអាជីវកម្មធនធានរ៉ែ
៣.ការអភិវឌ្ឍសហគមន៍មូលដ្ឋានជុំវិញតំបន់ការដ្ឋានរ៉ែ និងការផ្តល់ការងារជូនប្រជាពលរដ្ឋ
៤.ការទប់ស្កាត់ការលេចធ្លាយចំណូលពីការធ្វើអាជីវកម្មថ្មអារ និងការសម្រួលបែបបទ និង នីតិវិធីនៃការនាំចេញថ្មអារ
៥.ការចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈអោយបានល្អ៕