Connect with us

ព័ត៌មានជាតិ

អាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចកាបូបប្រាក់ និងប្រេីប្រាស់ថ្នាំញៀនខុសច្បាប់

បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព លួចកាបូបប្រាក់ ប្រជាពលរដ្ឋ ខណៈកំពុងទស្សនាការតាំងពិពណ៌ នៅចំណុចសួនមានជ័យ កណ្តាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុង​សិរីសោភ័ណ បាន​ឲ្យដឹងថា ជនសង្ស័យខាងលើ​មានឈ្មោះ អង់ ម៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ  និងឈ្មោះ​ ទូច លីជ្រុយ (តេវ) ភេទប្រុស អាយុ២៤ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយធ្វើសកម្មភាពលួចកាបូបប្រាក់ ជនរងគ្រោះឈ្មោះ ចៅ ស៊ាវម៉ី ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈកំពុងទស្សនាការតាំងពិពណ៌ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង មួយចំនួន ដូចជា ៖ ១.ទូរសព្ទដៃម៉ាក VIVO ពណ៌ទឹកប៊ិច ចំនួន០១គ្រឿង,​ ២.ប្រាក់ខ្មែរ ចំនួន៣០០,០០០រៀល និងប្រាក់ដុល្លារ ចំនួន២០ដុល្លារ,​ ៣.ម៉ូតូម៉ាកនិច ពណ៌ស គ្មានផ្លាកលេខ ចំនួន០១គ្រឿង,​ ៤.ទូរសព្ទម៉ាកNOKIA ចុចពិល ចំនួន០១គ្រឿង,​ ៥.គ្រឿងញៀនមេតំហ្វេតាមីនម្សៅក្រាមសថ្លា ចំនួន០១កូនថង់កិប ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ខាងលើ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ ចំណែកកាបូបជនរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕