Connect with us

ព័ត៌មានជាតិ

ចែកអាវរងារ ជូនដល់បណ្តាអង្គភាពឈរជើង នៅតាមព្រំដែនទិសទី១ យោធភូមិភាគទី៥

បន្ទាយមានជ័យ ៖ អាវរងារ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុន សែន ត្រូវចែកជូនដល់បណ្តាអង្គភាពឈរជើង នៅតាមព្រំដែនទិសទី១ យោធភូមិភាគទី៥  ។
ការនាំប្រគល់អំណោយនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ក្រោមការដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានសម្ដែងនូវការដឹងគុណយ៉ាងក្រៃលែងជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរពីសុខទុក្ខរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដែលជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែផ្តល់ និងចែកអំណោយជាអាវភ្លៀង អាវរងាចំនួន ២លើក ក្នុងមួយឆ្នាំ ជូនដល់បនប្អូនយើងពុំដែលអាក់ខានឡើយ ឧត្តមសេនីយ៍ត្រី បន្ថែមទៀតថា ជាការពិតណាស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បណ្ដាអង្គភាពចំណុះកងទ័ពជើងគោក ពិតជាបានបន្តការអភិវឌ្ឍន៍ខ្លួនយ៉ាងគាប់ប្រសើរទាំងសមត្ថភាព ចំណេះដឹង ការបំពេញភារកិច្ច ពិសេសកម្រិតនៃការរស់នៅប្រចាំថ្ងៃរបស់កងទ័ពកាន់តែមានភាពប្រសើរឡើង តាមរយៈការគាំទ្រទាំងស្មារតី និងសម្ភារៈ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា ជានិច្ចកាល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្តល់ និងចែកអំណោយជាអាវភ្លៀង អាវរងាចំនួន ០២លើក ក្នុងមួយឆ្នាំ ជូនដល់បងប្អូនយើងពុំដែលអាក់ខានឡើយ ក្នុងនោះអាវភ្លៀង ១លើក សម្រាប់រដូវភ្លៀង និងអាវរងា ១លើក សម្រាប់រដូវត្រជាក់ជារៀងរាល់ឆ្នាំ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធយើង ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ បូជាទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងបានលះបង់ពលីជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ។

ឯកឧត្តមមានប្រសាសន៍បន្ថែមថា កងកម្លាំងប្រដាប់អាវុធ ជាកម្លាំងដ៏សំខាន់ មិនអាចខ្វះបាន នៅក្នុងការរក្សាបាននូវការ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ជូនប្រទេសជាតិ និងប្រជាជន ។ ដូច្នេះក្នុងនាមកងកម្លាំង ត្រូវគោរព និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតសុខសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន ៕