
បាត់ដំបង ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាលួចនិងអ្នកទទួលផលចោរកម្ម ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះ ធ្វេីការបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន ៖ ១-ឈ្មោះ ឈួម សុភី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកលួច), ២-ឈ្មោះ ជឿន សុខរិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកលួច), ៣-ឈ្មោះ អ៊ួប សារឿប ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង (ទទួលផល) ។
លោកអធិការបានបញ្ជាក់ថា ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ២២និង ៣០នាទី នៅចំណុចក្រុមទី០៥ ភូមិក្រឡាញ់ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពេីលួចមានស្ថានទម្ងន់ទោស (ហែកជញ្ជាំស័ង្កសីចូលលួចយកទ្រព្យសម្បត្តិ) និងការទទួលផលចោរកម្មមួយកើតឡើង បង្កដោយក្រុមជនមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាព ហែកជញ្ជាំស័ង្កសីលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ អ៊ាន ប៊ុន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលេី បាត់បង់សម្ភារះរួមមាន ៖ ធុងបាស ពណ៌ខ្មៅ ចំនួន០១, អាំភ្លី ពណ៌ខ្មៅ ចំនួន០១គ្រឿង, ចង្ក្រានហ្គាស ពណ៌ក្រហម ចំនួន០១, ទូរស័ព្ទដៃស៊េរីចាស់ ពណ៌ស ចំនួន០១គ្រឿង ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតសម្ភារៈប្រគល់ជូនម្ចាស់វិញ ដោយឡែកជនសង្ស័យ កំពុងត្រូវបាននគរបាលស្រុកកសាងសំណុំរឿង ដើម្បីបញ្ជូនអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សាលី