Connect with us

ព័ត៌មានជាតិ

បើករថយន្តចេញពីកន្លែងលាង ជ្រុលបុករថយន្តបន្តកន្ទុយគ្នា ៤គ្រឿង និងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់

បាត់ដំបង ៖ កម្មករជាអ្នកជូតសម្អាតរថយន្តម្នាក់ បានស្លាប់ភ្លាមៗ និងរថយន្ត០៤គ្រឿង រងការខូចខាតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៣ ត្រង់ចំណុចគល់ស្ពាន១៣មករា ត្រើយខាងកើត ស្ថិតក្នុងភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពពីកម្មករលាងរថយន្តខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាម្ចាស់រថយន្តម្នាក់ បានបើករថយន្តម៉ាកលុចស៊ីស RX-៣០០ ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1I -3938 ចេញពីកន្លែងលាង ដោយខ្វះការប្រយ័ត្ន ក៏ស្រាប់តែបានប៉ះជាមួយរថយន្ត០១គ្រឿង ដែលកំពុងធ្វើដំណើរលើដងផ្លូវ ភ្លាមនោះ ម្ចាស់រថយន្តរងគ្រោះ បានកាក់ដើម្បីជជែកគ្នា ប៉ុន្តែម្ចាស់រថយន្តបង្ក មិនស្តាប់ថែមទាំងបានជាន់ហ្គ្រាឡើងយ៉ាងពេញទំហឹង រហូតជ្រុលចង្កូតទៅបុករថយន្តចំនួន០៣គ្រឿងទៀត ដែលចតសំអាតនៅខាងមុខ បណ្តាលឲ្យខូចខាត សរុបចំនួន០៤គ្រឿង និងបានកិនកម្មករ ដែលកំពុងជូតសម្អាតរថយន្តម្នាក់ ស្លាប់ភ្លាមៗ នឹងកន្លែង ។

ជនរងគ្រោះមានឈ្មោះ សេង សឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជាកម្មករលាងសម្អាតម៉ូតូ រថយន្ត មានទីលំនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ចំណែកជនបង្កត្រូវបានកម្លាំងនគរបាលនាំខ្លួន រួមជាមួយរថយន្តជាវត្ថុតាង ដែលខូចខាតទាំងអស់ បញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី