Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ក្រុមយុវជន០៥នាក់ ក្រោយប្រើកាំបិតកាប់បំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ

បាត់ដំបង ៖ ជនសង័្សយចំនួន០៥នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឃាត់ខ្លួននិងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីបានធ្វើការសាកសួរ ពាក់ព័ន្ធករណីហឹង្សាដោយប្រើប្រាស់កាំបិត កាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។

កិច្ចប្រតិបត្តិការនេះ ធ្វើឡើងស្របតាមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដោយផ្អែកលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ហើយត្រូវបានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង ដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយក្រុមជនសង័្សយបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះឈ្មោះ បឹង សូបិន ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង ០០នាទី នៅចំណុចក្រុមទី៥ ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ក្នុងនោះខូចខាតម៉ូតូចំនួន ០២គ្រឿង ។

ជនសង័្សយត្រូវបានឃាត់ខ្លួន មាន ៖ ១-ឈ្មោះ ឆៃ គឹមហួ, ២-ឈ្មោះ ជា ចំណាន, ៣-ឈ្មោះ ឡុង សុផូ, ៤-ឈ្មោះអន វិឆៃ, ៥-ឈ្មោះ ហុន ចាន់យ៉ា ។ ទាំង៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយ សម្ភារៈមួយចំនួនរួមមាន៖ ម៉ូតូម៉ាកហុងដា Scoopy ពណ៌ឈាមជ្រូក គ្មានស្លាកលេខ០១គ្រឿង, កាំបិតខ្វែវដងឈើចំនួន០១ដើម, កាំបិតប៉ាំងតោចំនួន០១, កាំបិតកែឆ្នៃចំនួន០១ និងកាំបិតកែឆ្នៃដងឈើចំនួន១ ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា មូលហេតុដែលនាំទៅដល់ករណីកាប់បំផ្លាញ ទ្រព្យសម្បត្តិបែបនេះ គឺក្រុមជនសង័្សយខាងលើ មានគ្នាច្រើន បានលើកគ្នាទៅរក(កាប់) ក្រុមម្ខាងទៀតដែលមានរហស័នាមថា (ក្រុមGS) ដែលអ្នកដឹកនាំក្រុមគេប្រាប់ថា ក្រុម( GS) កំពុងមានវត្តមាននៅទីកន្លែងកើតហេតុខាងលើ និងទុកម៉ូតូនៅទីនោះ ដូច្នេះក្រុមនេះសំដៅទៅកាប់បំផ្លាញម៉ូតូនោះតែម្តង ប៉ុន្តែដោយសារអ្នកកាប់ទទួលព័ត៌មានមិនច្បាស់ ក៏ទៅកាប់ច្រឡំម៉ូតូអ្នកដទៃ ដែលមិនដឹងរឿងអ្វីសោះ បណ្តាលឱ្យខូចខាត ដោយអន្លឺហើយមុនពេលគេចខ្លួនពីកន្លែងកើតហេតុក្រុមនេះបានកាប់ទៅលើរថយន្តមួយគ្រឿងថែមទៀត ដែលឈប់នៅក្បែរនោះផងដែរ ។

តាមការវាយតម្លៃ គឺ ក្រុមបង្កហេតុនេះ មានទំនាស់ជាមួយក្រុមម្ខាងទៀត ដែលមានរហ័សនាមថា(ក្រុមGS) នាពេលកន្លងមកហើយពេលនេះសមត្ថកិច្ចកំពុងបន្តស្វែងរកមេក្លោង នៃក្រុមបង្កដែលកំពុងគេចខ្លួន ពីមូលដ្ឋាន និងសមាសភាពក្រុម(GS) ដើម្បីមានវិធានការតាមនីតិវិធី ៕
ដោយ ៖ សាលី