Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ឡាយ គឹមលី ៖ អាជ្ញាធរ កងកម្លាំង លោកគ្រូ​ អ្នកគ្រូ ត្រូវរួមសហការគ្នា ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ សូមអោយអាជ្ញាធរកងកម្លាំង លោកគ្រូ​ អ្នកគ្រូត្រូវចូលរួមសហការគ្នា ដើម្បីទប់ស្កាត់ និងលុបបំបាត់នូវបទល្មើសគ្រឿងញៀន ។

ការលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំ ស្តីពី គោលការណ៍ណែនាំនានា អំពីការប្រយុទ្ធប្រឆាំង និងផលប៉ះពាល់ ការប្រើប្រាស់គ្រឿងញៀន នៅសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន អភិបាលក្រុង ស្រុក អ្នកពាក់ព័ន្ធសរុប ៧៨នាក់ ។

ក្រៅពីប្រសាសន៍លើកឡើងខាងលើ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី ក៏បានអំពាវនាវបើលោកគ្រូ​ អ្នកគ្រូ​ ប្អូនសិស្សានុសិស្ស​ និស្សិត ប្រជាពលរដ្ឋ​ ណាម្នាក់​ ប្រទះឃើញ​ការលួចលាក់ និងចែកចាយ​ ជួញដូរគ្រឿងញៀន​ ប្រើប្រាស់កន្លែងណា​ត្រូវរាយការណ៍ជាបន្ទាន់ ដល់​អាជ្ញាធរ​មូលដ្ឋាន រឺសមត្ថកិច្ចដែលនៅក្បែរយើង​ ឬតាមរយៈលេខទូរស័ព្ទ​លោក ០១២ ៣៦០៦០៦ និង០១៦ ៣៦០៦០៦ ។

ជាមួយគ្នានេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងថា ជនណាដែលបានប្រើប្រាស់គ្រឿងញៀន មិនថា សិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងទាំង៣ នោះទេ ជននោះនឹងត្រូវជួបវិបតិ្តជាច្រើន ដូចជា ការបាត់បង់ថវិការ ខូចសុខភាព ព្រាត់ប្រាស់មិត្តភ័ក្ត ម្តាយឪពុក ខូចសុខភាព និងរាងកាយ ខូចសរសៃប្រាសាទ បាត់ការចងចាំ គេចសាលា ប្រើអំពើហឹង្សាក្នុងគ្រួសារ និងមិត្តភ័ក្ត នៅទីបញ្ចប់ គឺ ឆ្លងជម្ងឺគ្រប់មុខ ស្លាប់ដោយមិនអាចគេចបានឡើយ ៕