Connect with us

ព័ត៌មានជាតិ

ស្រវឹងស្រា បើកបរម៉ូតូលឿនទៅបុករថយន្តពេញទំហឹង បណ្តាលអោយដួល រងរបួសធ្ងន់

បាត់ដំបង ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូក្នុង ស្ថានភាពស្រវឹង ហើយល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្តខាងមុខដែលកំពុងឆ្លងផ្លូវ នៅវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានថ្មថ្មី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ត morning ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2C-4123 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង(ឆ្លងផ្លូវ) លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AM-4931 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនហើយស្រវឹងផងនោះ ក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលអោយដួលរងរបួសធ្ងន់ ត្រូវបានភាគីខាងម្ចាស់រថយន្ត ដឹកបញ្ជូនទៅសង្រ្គោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ សាលី