Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសជាគ្រូពេទ្យម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកពេញទំហឹង នៅវេលាម៉ោង ០៦និង៤០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយហៃវ៉េ ត្រង់ចំណុចផ្លូវបំបែកបាហៃ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក PCX ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AK-9631បើកបរដោយបុរសជាគ្រូពេទ្យម្នាក់ឈ្មោះ មឿន ថេត ហៅ ពេទ្យថេត អាយុ៦១ឆ្នាំ រស់នៅក្រុមទី១៩ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងទិសដៅពីជើងទៅត្បូង (ឆ្លងផ្លូវ) ស្របជាមួយរថយន្តដឹកដីមួយគ្រឿងផ្សេងទៀត លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានរថយន្តម៉ាក LEXUS.300 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2I-0022 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាស្ត្រីជនជាតិវៀតណាម០២នាក់ ក្នុងទិសដៅពីលិចទៅកើត (បន្ទាយមានជ័យ ទៅ ភ្នំពេញ) ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកពេញទំហឹងរុញជិត ១០០ម៉ែត្រ បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ ចំណែករថយន្តធ្លាក់ចូលស្រះទឹក តែមិនបណ្តាលអោយអ្នកក្នុងរថយន្តរងរបួសឡើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់ធ្វើការវាស់វែង ស្ទូចយកមធ្យោបាយទាំងពីរ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសាកសព ត្រូវបានប្រគល់អោយសាច់ញាតិ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី