Connect with us

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយប្រើកាំបិតប៉័ងតោ កាប់បុរសម្នាក់រងរបួសធ្ងន់

បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការ ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌស្រាល ចុះធ្វើការស្រាវជ្រាវរហូតបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិតប៉័ងតោ) ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោងប្រហែល ១៩និង១៥នាទី ត្រូវនឹងថ្ងៃទី១០ ខែធ្នូ  ឆ្នាំ២០២៣ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាង និមិត្ត ហៅមិត្ត ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រួមជាមួយវត្ថុតាងកាំបិតប៉័ងតោដងដែកចំនួន០១ផងដែរ។

លោកអធិការដដែល បានបញ្ជាក់ថា ដោយផ្តើមចេញពីគំនុំ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពដោយយកកាំបិតប៉័ងតោដងដែកកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ម៉ូវ ហៅ ខ្លា ភេទប្រុស អាយុ២៣ឆ្នាំ មិត្តរួមការងារជាមួយគ្នាជាច្រើនកាំបិតបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកជនសង្ស័យត្រូវបានផ្នែកជំនាញកំពុងតែកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕