Connect with us

ព័ត៌មានជាតិ

អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អំពាវនាវបីចំណុចដែលត្រូវ អនុវត្តបន្ថែមដើម្បីឆ្ពោះទៅបញ្ចប់ជំងឺអេដស៍

បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ខេត្តបាត់ដំបង បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបាត់ដំបងឆ្នាំ២០២៣ ក្រោមប្រធានបទ “សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ ” ។

នាឱកាសនោះដែរ លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបាត់ដំបង បានឡើងអានសារលិខិតទាំងស្រុងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ”សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ ” ។

លោកអភិបាលរងខេត្តបន្តថា ពិធីប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍០១ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ“សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” ដែលរៀបចំដោយគណះកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបាត់ដំបង នាឱកាសនេះធ្វើឡើងក្នុងគោលបំណងបង្ហាញការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធនឹងការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍ ក្នុងនោះរំឭកពីការផ្តល់នូវការគាំទ្រដល់អ្នកផ្ទុកមេរោគ អេដស៍ រំឭកនូវការសោកស្តាយចំពោះអ្នកស្លាប់ដោយសារជំងឺអេដស៍ ព្រមទាំងក្រើនរំឭកដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យចងចាំពីគ្រោះថ្នាក់នៃការឆ្លងមេរោគអេដស៍ ដើម្បីទាំងអស់គ្នាឈានទៅលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ រួមចំណែកក្នុងការអភិវឌ្ឍមនុស្សជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអំពាវនាវបីចំណុចដែលត្រូវអនុវត្តបន្ថែមដើម្បីឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ ទី១.សូមចូលរួមបន្តទ្វេដង ដើម្បីឈានទៅបញ្ចប់អោយបានជោគជ័យ .ទី២.សូមអោយគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ រួមជាមួយនឹងអាជ្ញាធរជាតិ ដើម្បីអនុវត្តនូវគោលនយោបាយបញ្ចប់អេដស៍ ដើម្បីអនុវត្តនូវយុទ្ធសាស្ត្របញ្ចប់អេដស៍ ដែលនឹងចេញក្នុងពេលដើមឆ្នាំ២០២៤ខាងមុខនេះ ដើម្បីធ្វើដំណើរជាមួយគ្នា ដើម្បីចូលរួមក្នុងការបញ្ចប់ .ទី៣.អំពាវនាវអោយអ្នកដែលសង្ស័យ ឬបានធ្វើអ្វីមួយប្រឈម ឆាប់ទៅធ្វើតេស្តដើម្បីអោយដឹងពីស្ថានភាព ដើម្បីស្វែងរកការព្យាបាលទាន់ពេលវេលា ៕

ដោយ ៖ សាលី