Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសង្កាត់ផ្សារកណ្តាល មានជីវិភាពខ្វះខាត រអ៊ូរទាំនិងអាជ្ញាធរកាយដីទុកចោល មិនដាក់លូ បើពលរដ្ឋមិនចេញថ្លៃដាក់លូ ១កង់ ៥០ដុល្លា

ប៉ោយប៉ែត ៖ មានការរអ៊ូរទាំ និងជួបការលំបាកខ្លាំងពីសំណាក់ពលរដ្ឋ មួយចំនួននៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានជីវិភាពខ្វះខាត ខណៈដែលអាជ្ញាធរភូមិសង្កាត់កាយប្រឡាយស្របតាមផ្លូវមុខផ្ទះ អោយពួកគាត់ចេញលុយដាក់លូមុខដីកម្មសិទ្ធរបស់ខ្លួន ក្នុងតំលៃលូ ១កង់ ថ្លៃ៥០ដុល្លា បើពលរដ្ឋណាមិនដាក់ ក៏មិនអីដែរដោយគ្រាន់តែការកាយប្រឡាយ ហើយទុកចោលជាហេតុធ្វើអោយពួកគាត់ ជួបការលំបាក់ចេញចូលផ្ទះប្រកបមុខរបររកសុី ធ្វើការ ។

បើតាមការរាយការណ៍ ពីពលរដ្ឋខាងលើ ដែលមានទីលំនៅ នៅផ្លូវទី២ ក្រោយស្ថានីយ៍ប្រេងតេលា នៃភ្លើងស្តុបផ្សារកណ្តាល នៃផ្លូវទៅសង្កាត់ផ្សារកណ្តាលបានអោយខាងព័ត៌មានយើង ជួយផ្សាយអោយថ្នាក់ដឹកនាំបានដឹង ពីការការលំបាក់ពួកគាត់ផង ដោយពួកគាត់មករស់នៅទីនោះ ខ្លះ១០ឆ្នាំ ខ្លះជាង២០ឆ្នាំ មកហើយ មិនដែលមានអាជ្ញាធរណា ធ្វើផ្លូវជូនពួកគាត់ឡើយ ហើយកន្លងមកពួកគាត់បានរួមគ្នា ចាក់ដីផ្លូវអាចធ្វើដំណើរបាន ។ ស្រាប់តែពេលថ្មីៗនេះ មានគេសង់ផ្ទះធំដូចជា របៀបបន្ទប់ជួលច្រើនបន្ទប់ សង្ស័យកន្លែងអនឡាញ ហើយប្រហែលជាគេអោយលុយទៅអាជ្ញាធរ ធ្វើផ្លូវ ដើម្បីបានចូលទៅផ្ទះដែលធ្វើថ្មី ស្រាប់តែខាងអាជ្ញាធរភូមិ ដែលមានលោកអនុភូមិផ្សារកណ្តាល ឈ្មោះ វង បានបញ្ជាអោយអេស្កាកាយប្រឡាយមុខផ្ទះពលរដ្ឋថា ដាក់លូរំដោះទឹក ហើយអោយពលរដ្ឋបង់លុយថ្លៃដាក់លូ ដែលមានតំលៃមួយលូ៥០ដុល្លា បើពលរដ្ឋណាអត់លុយ គឺ កាយហើយទុកប្រឡាយចោលមុខផ្ទះតែម្តង ។ ការកាយប្រឡាយដោយគ្មានការឯកភាព ពីពលរដ្ឋ និងតម្រូវអោយពលរដ្ឋចេញលុយថ្លៃដាក់លូដូចនេះ ធ្វើអោយពលរដ្ឋដែលមានជីវិភាពខ្សត់ខ្សោយ និងខ្វះខាត នាំគ្នាតវ៉ាដោយខ្លះមិនអោយកាយមុខផ្ទះរបស់ខ្លួនឡើយ បើអាជ្ញាធរមិនដាក់លូអោយផ្ទះ ខ្លះទៀតក្រលំបាកមិនមានលទ្ធភាពតវ៉ា ក៏ត្រូវអាជ្ញាធរកាយប្រឡាយមុខផ្ទះ ទុកចោលព្រោះតវ៉ាមិនឈ្នះ និងមិនមានលុយដាក់លូ ធ្វើអោយបង្ខំចិត្តយកក្តាចាស់ៗ មកធ្វើជាស្ពានដាក់ឆ្លងប្រឡាយ ដែលគេកាយទុកចោល ដើម្បីបានចេញចូល ។

ពួកគាត់បានលើកទៀតថា ការធ្វើផ្លូវដាក់លូ ជាតួនាទីរបស់អាជ្ញាធរ ជាអ្នកធ្វើពួកគាត់មិនប្រកែចទេ តែបើធ្វើអោយពលរដ្ឋចេញលុយតាមតំលៃទីផ្សារ ដែលកំណត់ដោយអាជ្ញាធរ ឬក្រុមហ៊ុនហើយការធ្វើទៅមិនមានប្រព័ន្ធរំដោះទឹកត្រឹមត្រូវផង តើធ្វើៗអី សូម្បីតែផ្ទះអនុភូមិ ដែលជាអាជ្ញាធរបានធ្វើចូលដីផ្លូវលក់កុយទាវមិនព្រមរុះរើ មុននិងដាក់លូជាគំរូផង តើអោយពលរដ្ឋរំពឹងអ្វី?

ពួកគាត់បន្តថា នៅភូមិសង្កាត់នៃក្រុងប៉ោយប៉ែតនេះខុសពីស្រុកក្រុងភូមិឃុំសង្កាត់ដទៃ ដែលគេធ្វើផ្លូវ ឬដាក់លូ អាជ្ញាធរជានាក់ធ្វើជូនពលរដ្ឋទាំងស្រុង ឬក៏អោយពលរដ្ឋចូលរួមបដិភាព តាមលទ្ធភាពតែប៉ុណ្ណោះ ។ តែសម្រាប់ភូមិសង្កាត់នៅក្រុងប៉ោយប៉ែត មិនដឹងថវិកាឃុំសង្កាត់ក្រុង ទៅណាទេបានជាធ្វើផ្លូវ ឬដាក់លូអោយពលរដ្ឋចេញលុយទៅវិញ ដោយអាជ្ញាធរជាអ្នកផ្តើម និងបង្ខំអោយពលរដ្ឋចេញលុយធ្វើ ដូចឧទាហរណ៍ថា បើត្រូវចាក់ផ្លូវបេតុងមួយខ្សែ ត្រូវអោយពលរដ្ឋសងខាងផ្លូវជាអ្នកចេញលុយ បើមិនចេញលុយទេ គេនឹងទុកមុខផ្ទះឬដីនោះចោល មិនចាក់បេតុងឬដាក់លូឡើយ ។ បន្ថែមពីលើផ្វើផ្លូវដាក់លូ អោយពលរដ្ឋចេញលុយឥឡូវនេះក្រោយពីរដ្ឋបាលក្រុង រៀបចំសណ្តាប់ធ្នាប់ តាមជញ្ចើមផ្លូវសាធារណៈ ដោយអោយពលរដ្ឋ ឬម្ចាស់សំណងទាំងឡាយណា ដែលធ្វើរំលោភបំពាន់ចំណីផ្លូវត្រូវរុះរើចេញ បើមិនរើអាជ្ញាធរ នឹងរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត់ ដើម្បីធ្វើជាចញ្ចើមផ្លូវរៀបការ៉ូឡា អោយថ្មើជើង ដើរនិងមានសោភ័ណភាព ស្រាបតែអាជ្ញាធរសង្កាត់ ចេញសេចក្តីជូនដំណឹង និងដើរប្រាប់កំណត់អោយពលរដ្ឋ ដែលមានដី ឬផ្ទះជាប់ផ្លូវចាក់សាប់ ឬរៀបការ៉ូឡាដោយខ្លួនឯង តាមការកំណត់របស់អាជ្ញាធរ ដែលជាហេតុធ្វើអោយពលរដ្ឋ កប់យោបល់និយាយមិនរួច ខណៈដែលបច្ចុប្បន្នសេដ្ឋកិច្ចរបស់ពួកគាត់ ធ្លាក់ចុះជំពាក់លុយធនាគាររកដោះមិនរួច ។ តែបើគាត់មិនធ្វើមុខផ្ទះរបស់គាត់ ពិបាកចេញចូល និងប្រឈមនិងអាជ្ញាធរ គេថារ៉េរាំង ឬប្រឆាំងនិងអាជ្ញាធរពេលមានការងារអ្វីត្រូវពឹងអាជ្ញាធរវាពិបាក ។

ជុំវិញបញ្ហាខាងលើនេះ លោកអនុភូមិផ្សារកណ្តាល បានអោយដឹងថា ដោយសារតែមានខាងម្ចាស់ផ្ទះខាងក្នុងឧបត្ថមថ្មមិច ចាក់ធ្វើផ្លូវខាងលើ ដែលមានប្រវែងប្រមាណ៤០០ម៉ែត្រ ជាផ្លូវទាល់ទើបអាជ្ញាធរបានផ្សព្វផ្សាយ ដល់ពលរដ្ឋចូលរួមដាក់លូ ដើម្បីរំដោះទឹកព្រោះផ្លូវ និងទីតាំងខាងលើ ៣០ឆ្នាំមកហើយ លិចទឹកជារៀងរាល់ឆ្នាំ ហើយអាជ្ញាធរបានកាយរំដោះទឹក តែរហូត ។ ចំពោះការចោទសួរថា វាជាកិច្ចការរបស់អាជ្ញាធរលើការអិវឌ្ឍមូលដ្ឋាន លោកថា សង្កាត់ក្រុង ពុំដែលមានគំរោងធ្វើផ្លូវបេតុង ឬដាក់លូឡើយ ដោយគ្មានថវិកាហើយការធ្វើ គឺ ធ្វើតែផ្លូវមេ ។ ម្យ៉ាងទៀត ដែលថា លោកសង់ផ្ទះរំលោភផ្លូវ គឺ មិនពិតទេ ផ្ទះនេះ គឺ លោកជួលគេលក់ដូរតែប៉ុណ្ណោះ ហើយគេមានដាក់លូស្រាប់ហើយ ក្នុងនោះម្ចាស់ផ្ទះ ក៏គេសន្យាដែលបើរដ្ឋត្រូវការ គេរើចេញភ្លាម ។

ក្នុងនោះលោកមេភូមិ ក៏បានសូមអោយពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរ ក្នុងការអភិវឌ្ឍមូលដ្ឋាន បើមិនមានលុយដាក់លូ អាចធ្វើស្ពានឆ្លងបាន ឬទិញលូដាក់ខ្លួនឯង ក៏បានអោយតែត្រូវតាមអាជ្ញាធរកំណត់ ។ ចំពោះការធ្វើនេះ គឺ អាជ្ញាធរមិនមានអ្នកបច្ចេកទេស ពីមន្ទីរជំនាញទេ មានតែអាជ្ញាធរភូមិពិនិត្យមើល ហើយសម្រាប់ក្រុមហ៊ុន ដាក់លូក៏មិនមានការដេញថ្លៃ តាមផ្លូវច្បាប់ដែរ ៕