Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន BUCG Co.Ltd នៃប្រទេសចិន គ្រោងសាងសង់រោងចក្រចម្រោះទឹកកខ្វក់ នៅខេត្តកំពង់ស្ពឺ លើផ្ទៃដីរដ្ឋ ៣០ហិកតា

កំពង់ស្ពឺ ៖ ក្រុមហ៊ុនមួយរបស់ប្រទេសចិន គ្រោងនឹងទម្លាក់ទុនវិនិយោគសាងសង់ រោងចក្រចម្រោះទឹកកខ្វក់មួយក្នុងខេត្តកំពង់ស្ពឺ គ្រាដែលនេះនៅមិនទាន់មានអាងចម្រោះទឹកកខ្វក់ ចេញពីបណ្តារោងចក្រ សហគ្រាសនៅឡើយ នេះបើយោងតាមសម្តីរបស់អភិបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។

លោក វ៉ី សំណាង បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានរោងចក្រ សហគ្រាស ចំនួន៣៩៤កន្លែង ហើយចំនួននេះនិងបន្តហក់ឡើងបន្ថែមទៀតនៅដើមឆ្នាំ២០២៤ ។ ទន្ទឹមនេះ ខេត្តកំពង់ស្ពឺ នៅមិនទាន់មានរោងចក្រដែលអាចស្តុក និងចម្រោះទឹកកខ្វក់ ដែលបង្ហូរចេញពីរោងចក្រ សហគ្រាសខាងលើ ដើម្បីចម្រោះ ឱ្យស្អាតត្រឹមត្រូវមុននឹងបង្ហូរចូលទៅក្នុងបឹង អូរ ស្ទឹងនៅឡើយ ។ ដោយមើលឃើញពីកង្វះអាងចម្រោះទឹកនេះ ក្រុមហ៊ុន BUCG Co.Ltd នៃប្រទេសចិន ក៏បានគ្រោងបោះទុនវិនិយោគសាងសង់ រោងចក្រចម្រោះទឹកកខ្វក់ប្រមាណជា៥០លានដុល្លា លើរង្វង់ផ្ទៃដីរដ្ឋប្រមាណជា៣០ហិកតា ដែលស្ថិតនៅក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ហើយគ្រោងសាងសង់នៅដើមឆ្នាំ២០២៤នេះ ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាក់ថា ប្រតិភូក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយលោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយបានចុះពិនិត្យសិក្សាស្វែងយល់រួចហើយលើទីតាំងដែលគ្រោងបង្កើតរោងចក្រនោះ ដោយក្រុមការងារបានសម្រេចនិងកំណត់យកទីតាំងខាងលើជាកន្លែងដែលត្រូវសាងសង់រោងចក្រ ហើយក្នុងនោះប្រតិភូក៏បានសុំឱ្យអាជ្ញាធររក្សាទុកនូវដើមឈើដែលមានស្រាប់ផងដែរ ។

ជាមួយនោះអភិបាលខេត្ត ក៏បានរំពឹងដែរថា នៅពេលដែលរោងចក្រចម្រោះទឹកស្អាតនេះកើតឡើង ការបំពុលទឹកដែលកើតឡើងពីកាកសំណល់ចេញពីបណ្តារោងចក្រ សហគ្រាស ផ្ទះបាយ មុននឹងបង្ហូរចេញទៅក្នុងបឹងនិងអាងធម្មជាតិគឺត្រូវច្រោះដកយកជាតិពុលចេញយ៉ាងច្រើនជាអតិបរិមា ដែលអាចកាត់បន្ថយនូវជាតិពុលធ្វើឱ្យប៉ះពាល់ដល់ទឹកនិងដី។មួយវិញទៀតនិងក្លាយជាកន្លែងទេសចរណ៍ធម្មជាតិសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមកហាត់ប្រាណនិងបងប្អូនដែលនៅតាមបណ្តាខេត្ត រាជធានីបានមកលម្ហែយកខ្យល់អាកាសវាលស្រែជើងភ្នំ គ្រាដែលអ្នកវិនិយោគគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន រួមនិងសួនច្បារផងដែរ ៕

ដោយ ៖ ប៊ុត សារុន