Connect with us

ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន វីរៈប៊ុនថាំ បើកបុករថយន្តដឹកស្រូវ ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួស

ពោធិ៍សាត់ ៖ មនុស្ស២នាក់ បានស្លាប់និងរបួស ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញក្រុមហ៊ុន វីរៈប៊ុនថាំ បានបើកបុករថយន្តដឹកស្រូវ ពីក្រោយ ពេញទំហឹងកាលពីយប់ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវកំណាត់ជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងដោយរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ការ៉ុត ពាក់ផ្លាកលេខភ្នំពេញ 3F-9149 របស់ក្រុមហ៊ុនវីរៈប៊ុនថាំ បើកបរពីលិចទៅកើត លុះដល់ចំណុចកើតហេតុ តៃកុងងងុយដេកមួយភាំង បានរ៉េចង្កូតទៅបុករថយន្ត ១គ្រឿង ម៉ាក់ហ៊ីណូ ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង 3A-0040 ដឹកស្រូវឈប់នៅលើកន្លងផ្លូវម៉ូតូ បើកភ្លើងសុំផ្លូវ ហើយតៃកុងឈ្មោះ  ខុន វណ្ណះ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង (គ្មានរបួស) ចុះបត់ជើងតូច បណ្ដាលអោយរថយន្តក្រឡាប់ធ្លាក់ផ្លូវ ។

ករណីនេះ បណ្តាលឲ្យតៃកុងរថយន្តក្រុមហ៊ុន វីរៈប៊ុនថាំ ឈ្មោះ ញឹម ថា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ របួសធ្ងន់បាក់ជើងស្តាំ និងអ្នករួមដំណើរជាមួយ១នាក់ ឈ្មោះ យឹម សារឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិត្រពាំងចា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់កន្លែង ធ្វើការវាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយពេលក្រោយ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាចញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សំណាង