Connect with us

ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តប៉ៃលិន

ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣  បានបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាពឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញ ចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាល, តំណាងក្រសួងមហាផ្ទៃ, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរង ខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, កងកំលាំងប្រដាប់អាវុធទាំងបី ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ក្រុម ប្រឹក្សាឃុំ សង្កាត់ ទាំង ៨ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ផ្អែកទៅតាមលទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបាន និងបណ្ដាបញ្ហាប្រឈមលើវិស័យនានា ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ជារួមអង្គសន្និបាត បានវាយតម្លៃខ្ពស់ អំពីវឌ្ឍនភាពរបស់ខេត្ត និងទទួលស្គាល់បញ្ហា ប្រឈមនានា ដែលកើតមានឡើង ហើយជាមួយនោះ អង្គសន្និបាតបានប្ដេជ្ញាចិត្តរួមគ្នា ដាក់ចេញទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៤នេះ ឲ្យបានសកម្មខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបគោលនយោបាយ របស់រាជរដ្ឋាភិបាលនិងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានា របស់ ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ។

ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តប៉ៃលិន បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៧នេះ ដោយបានសម្តែងនូវការ សាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលខេត្តប៉ៃលិនសម្រេចបាន និងសូមការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រី រាជ ការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹង ប្រែងរួមគ្នា យ៉ាងសកម្មក្នុងការបំពេញតួនាទី និងភារកិច្ច ប្រកបដោយស្មារតី ទទួលខុស ត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះបានខិតខំចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ពីវិបត្តិ នៃជំងឺកូវីដ-១៩ និងការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និង បញ្ហាប្រឈមនានា នៅមូលដ្ឋានបានជាបន្តបន្ទាប់។

ឯកឧត្តម បានមានប្រសាសន៍លើកឡើង អំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជ រដ្ឋាភិ បាលនីតិកាលទី៧  និងរំឭកអំពីបាវចនាទាំង៥ គឺ កំណើនការងារសមធម៌ ប្រសិទ្ធភាព និងចិរភាព ព្រមទាំងអាទិភាពទាំង៥ នៃគោលនយោបាយមានដូចជា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលការងារទាំងនេះ ថ្នាក់ដឹកនាំត្រូវយល់ឱ្យបានច្បាស់ ដើម្បីអនុវត្តស្របតាមទិសដៅគោលនយោបាយ និងមានប្រសិទ្ធភាព ជាពិសេសកម្មវិធីនយោបាយ អាទិភាព ៦ចំណុចរបស់រាជរដ្ឋាភិបាល ។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមត្ថកិច្ចទាំង៣ប្រភេទ ត្រូវបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរ គ្រប់មូលដ្ឋាន ជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឲ្យមានការ ចូល រួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប សកម្មភាព លួច ឆក់ ប្លន់ ល្បែងស៊ីសង ខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋានទូទាំងខេត្ត ។
សូមបញ្ជាក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ រដ្ឋបាលខេត្តប៉ៃលិន ត្រូវបានប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ដោយបែងចែកក្រុមពិក្សា និងបទបង្ហាញអំពីលទ្ធផល នៃការ ពិភាក្សារបស់តំណាងក្រុមនីមួយៗ ជូនអង្គសន្និបាត ៕